ព្រះត្រៃបិដក ភាគ ៥៧

​ជន​ទាំងឡាយ​ណា​ ​ជា​ញាតិ​របស់ខ្ញុំ​ ​ខ្ញុំ​នឹង​ធ្វើ​ជន​ទាំងនោះ​ ​ឲ្យ​លុះ​ក្នុង​អំណាច​នៃ​អ្នក​។​ ​
 ម្នាលនាង​ចា​បា​ ​នាង​ពោល​នូវ​ពាក្យ​នោះ​ ​ឲ្យ​មាន​ភាគ​ ​៤​ ​អំពី​ពាក្យ​នេះ​ក៏ដោយ​ ​ពាក្យ​នោះ​ ​គប្បី​ជា​ពាក្យ​ឆើតឆាយ​ ​ចំពោះតែ​បុរស​ដែល​ត្រេកអរ​នឹង​នាង​ប៉ុណ្ណោះទេ​។​ ​
 ម្នាល​បុរស​ខ្មៅ​ ​ហេតុអ្វី​ទើប​អ្នក​លះបង់​ចោល​ខ្ញុំ​ ​ជា​ស្រ្តី​មាន​រូបឆោម​ ​លាប​ស្រឡាប​អវយវៈ​ដោយ​ខ្លឹមចន្ទន៍​ក្រហម​ ​ទ្រទ្រង់​នូវ​កាសិ​ក​ពស្រ្ត​ដ៏​ឧត្តម​ ​(​សំពត់​ដែលគេ​នាំមក​អំពី​ដែន​កាសី​)​ ​ជា​ស្រ្តី​មាន​អវយវៈ​ល្អ​ ​ដូចជា​ត្នោត​សាវ​ ​ដែល​រីក​លើកំពូល​ភ្នំ​ ​ឬដូច​ជា​វល្លិ៍​កេស​រីក​ហើយ​ ​ឬក៏​ដូចជា​ឈើ​ជ្រនៀង​ ​(​រីក​ហើយ​)​ ​ខាងក្នុង​ទ្វីប​។​ ​
 ព្រាន​សត្វស្លាប​ ​ប្រាថ្នា​ចាប់​សត្វស្លាប​យ៉ាងណា​ ​នាង​នឹង​បៀតបៀន​អញ​ ​ដោយ​រូប​ដែល​ស្អិតស្អាង​ ​(​យ៉ាងនោះ​)​ ​ពុំ​បានទេ​។​ ​
 នែ​បុរស​ខ្មៅ​ ​ហេតុអ្វី​ទើប​អ្នក​លះបង់​ចោល​នូវ​ផ្លែ​ ​គឺ​កូន​ខ្ញុំ​ ​ដែល​អ្នកបង្កើត​នេះ​ផង​ ​លះបង់​ខ្ញុំ​ដែល​ជា​ស្រ្តី​មានកូន​ប្រាកដ​ដូច្នោះ​ផង​។​ ​
 មហា​វីរបុរស​ទាំងឡាយ​ ​ដែល​មាន​ប្រាជ្ញា​ ​តែង​លះបង់​នូវ​កូន​ទាំងឡាយ​ ​ទាំង​ពួក​ញាតិ​ ​ទាំង​ទ្រព្យ​ ​ហើយ​បួស​ ​ដូចជា​ដំរី​ដ៏​ប្រសើរ​ ​ផ្ដាច់​នូវ​ចំណង​ ​(​ហើយ​គេច​ចេញទៅ​)​។​ ​
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 636867023593399861
ទៅកាន់ទំព័រ៖