ព្រះត្រៃបិដក ភាគ ៥៧
ឥឡូវ ខ្ញុំនឹងបៀតបៀនកូនអ្នកនេះ ដោយដំបង ឬក្ដិចដោយក្រចក ឬ (បោក) លើផែនដី អ្នកមិនដល់នូវការយំស្ដាយចំពោះកូនទេឬ។
នែស្រ្តីលាមក មានកូនតូច បើទុកជានាងឲ្យកូនទៅសត្វចចក និងពួកឆ្កែ ក៏នាងញ៉ាំងអញឲ្យត្រឡប់វិញពុំបានឡើយ។
នែបុរសខ្មៅ ណ្ហើយចុះ ឥឡូវនេះ បើអ្នកនឹងទៅក្នុងទីណា គឺស្រុកណា និគមណា នគរណា រាជធានីណា (ក៏ទៅចុះ)។
កាលពីដើម យើងជាអ្នកមានពួក មិនមែនជាសមណៈ សំគាល់ថាជាសមណៈ ហើយចេញពីស្រុកទៅកាន់ស្រុក កាន់នគរ រាជធានី។ មែនពិត ព្រះសម្ពុទ្ធ ទ្រង់មានជោគអង្គនោះ តែងសំដែងធម៌ប្រោសពួកសត្វ ដើម្បីលះបង់សេចក្ដីទុក្ខទាំងពួង ក្នុងទីជិតស្ទឹងនេរញ្ជរា ខ្ញុំនឹងទៅក្នុងសំណាក់នៃព្រះសម្ពុទ្ធនោះ ព្រះអង្គនឹងជាគ្រូនៃខ្ញុំ។
ឥឡូវនេះ អ្នកគប្បីទូលរៀបរាប់អំពីកិច្ចថ្វាយបង្គំ (របស់ខ្ញុំ) ចំពោះព្រះលោកនាថ ជាបុគ្គលប្រសើរ រួចហើយធ្វើប្រទក្សិណ ឧទ្ទិសនូវទក្ខិណាទាន។
ម្នាលនាងចាបា នាងពោលនូវពាក្យនោះយ៉ាងណា យើងគប្បីបាន (អាចឲ្យ) នូវចំណែកបុណ្យនោះ ឥឡូវនេះ ខ្ញុំនឹងទូលរៀបរាប់នូវកិច្ចថ្វាយបង្គំរបស់នាង ចំពោះព្រះលោកនាថ ជាបុគ្គលប្រសើរ និងធ្វើប្រទក្សិណ ឧទ្ទិសនូវទក្ខិណាទាន (បុណ្យ)។
ID: 636867023991112609
ទៅកាន់ទំព័រ៖