ព្រះត្រៃបិដក ភាគ ៥៧
ឱនាងជាវាសិដ្ឋគោត្រ នាងនិយាយសំដីបែបនេះ អស្ចារ្យណាស់ នាងដឹងច្បាស់នូវធម៌របស់អ្នកណា ទើបនិយាយសំដីបែបនេះ។
ម្នាលព្រាហ្មណ៍ ព្រះសម្ពុទ្ធអង្គនោះ សំដែងធម៌ដល់សត្វទាំងឡាយ ដើម្បីលះបង់នូវទុក្ខទាំងពួង ជិតនគរមិថិលា។ ម្នាលព្រាហ្មណ៍ ខ្ញុំបានស្ដាប់ធម៌របស់ព្រះអរហន្ដអង្គនោះ ដែលជាធម៌មិនមានឧបធិក្កិលេស បានដឹងច្បាស់នូវសច្ចធម៌ហើយក្នុងទីនោះ ទើបបន្ទោបង់នូវសេចក្ដីសោកព្រោះកូនបាន។
ខ្ញុំនោះនឹងទៅក្នុងទីជិតក្រុងមិថិលាដែរ ធ្វើដូចម្ដេចហ្ន៎ ព្រះមានជោគអង្គនោះ គប្បីដោះខ្ញុំចាកទុក្ខទាំងពួងបាន។
ព្រាហ្មណ៍បានចួបនឹងព្រះពុទ្ធ ព្រះអង្គផុតស្រឡះចាក (កិលេស) មិនមានឧបធិកិលេស ព្រះមុនី ទ្រង់ដល់នូវត្រើយនៃទុក្ខ បានសំដែងប្រាប់ព្រាហ្មណ៍នោះនូវសច្ចធម៌ គឺទុក្ខ ១ ហេតុកើតឡើងនៃទុក្ខ ១ ការកន្លងនូវទុក្ខ ១ មគ្គប្រកបដោយអង្គប្រាំបីដ៏ប្រសើរ ជាដំណើរទៅកាន់ទីរំលត់ទុក្ខ ១។ សុជាតព្រាហ្មណ៍មានសច្ចធម៌ដឹងច្បាស់ហើយក្នុងទីនោះ ពេញចិត្តនឹងបព្វជ្ជា បានសម្រេចវិជ្ជាបីដោយរាត្រីបី។
ព្រាហ្មណ៍ពោលថា ម្នាលសារថី អ្នកចូរមក អ្នកចូរទៅ ចូរនាំរថនេះទៅវិញចុះ រួចចូរប្រាប់ព្រាហ្មណី កុំឲ្យមានមោះមៃថា ឥឡូវនេះ សុជាតព្រាហ្មណ៍បួសហើយ បានសម្រេចវិជ្ជាបី ដោយរាត្រីបី។
ID: 636867024806589251
ទៅកាន់ទំព័រ៖