ព្រះត្រៃបិដក ភាគ ៥៧

 ​(​ព្រាហ្មណី​ពោល​ថា​)​ ​ហៃ​នាង​សុន្ទរី​ ​នាង​ប្រាថ្នា​នូវ​តម្រិះ​ណា​ ​សូមឲ្យ​នាង​បានសម្រេច​នូវ​តម្រិះ​នោះ​ ​ដុំ​បាយ​តាមលំដាប់​ផ្ទះ​ក្ដី​ ​អាហារ​ចំណី​ក្ដី​ ​បំសុកូល​ចីវរ​ក្ដី​ ​(​ដែល​នាង​ត្រូវ​ស្វែងរក​)​ ​កាលបើ​នាង​ជំរះ​នូវ​វត្ថុ​ទាំងនេះ​ ​នឹង​បាន​ជា​ស្រី​មិន​មាន​អាសវៈ​ក្នុង​បរលោក​។​ ​
 (​នាង​សុន្ទរី​និយាយ​នឹង​ឧបជ្ឈាយ៍​ថា​)​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​ខ្ញុំ​នៅជា​សិក្ខមានា​ ​បាន​ជំរះ​ទិព្វចក្ខុ​ហើយ​ ​កាលពីដើម​ ​ខ្ញុំ​ធ្លាប់​នៅ​អាស្រ័យ​ក្នុង​ទីណា​ ​ខ្ញុំ​ដឹង​នូវ​បុព្វេ​និវាស​ ​ក្នុង​ទីនោះ​។​ ​បពិត្រ​ព្រះនាង​ជា​កល្យាណី​ដ៏​ល្អ​ ​របស់​ថេរី​សង្ឃ​ ​វិជ្ជា​បី​ ​ខ្ញុំ​បាន​ដល់ហើយ​ ​ពុទ្ធសាសនា​ ​ខ្ញុំ​បាន​ធ្វើ​ហើយ​ ​ព្រោះតែ​អាស្រ័យ​នូវ​ព្រះនាង​។​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​ខ្ញុំ​ចង់ទៅ​កាន់​ក្រុង​សាវត្ថី​ ​សូម​ព្រះនាង​អនុញ្ញាត​ដល់​ខ្ញុំ​ឲ្យ​ទាន​ ​ខ្ញុំ​នឹង​បន្លឺ​នូវ​សីហនាទ​ ​ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​ដ៏​ប្រសើរ​។​
 ម្នាលនាង​សុន្ទរី​ ​នាង​ចូរ​មើល​ព្រះ​សាស្ដា​ ​ព្រះអង្គ​មាន​សម្បុរ​ដូច​មាស​ ​មាន​ព្រះ​តចៈ​ពណ៌​ដូច​មាស​ ​ទ្រង់​ទូន្មាន​ពួក​សត្វ​ ​ដែលគេ​មិនទាន់​ទូន្មាន​ ​ព្រះអង្គ​ជា​អ្នក​ត្រាស់​ដឹង​ឯង​ ​ឥតមាន​ភ័យ​អំពី​ណា​ឡើយ​។​ ​សូម​ព្រះអង្គ​និមន្ត​ទត​ ​នាង​សុន្ទរី​ដែល​កំពុង​ដើរមក​ ​ជា​ស្ត្រី​ផុត​ស្រឡះ​ ​(​ចាក​កិលេស​)​ ​ឥតមាន​ឧបធិ​ ​ប្រាសចាក​តម្រេក​ ​ប្រាសចាក​គ្រឿង​ប្រកប​ ​មាន​សោឡស​កិច្ច​ធ្វើរួចហើយ​ ​មិន​មាន​អាសវៈ​។​
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 636867025481447851
ទៅកាន់ទំព័រ៖