ព្រះត្រៃបិដក ភាគ ៥៧
ខ្ញុំចេញ (ចាកផ្ទះ) ដោយសទ្ធាយ៉ាងនេះហើយ (បួស) ក្នុងព្រះសទ្ធម្ម ដែលព្រះសម្មាសម្ពុទ្ធ ត្រាស់សំដែងហើយដោយប្រពៃ ខ្ញុំប្រាថ្នានូវសេចក្ដីមិនកង្វល់ ព្រោះការត្រឡប់មករកកាមនោះ មិនសមគួរដល់ខ្ញុំទេ អ្នកណាលះចោលមាស និងប្រាក់ ហើយគប្បីត្រឡប់មកយកវិញ។ ប្រាក់ក្ដី មាសក្ដីរបស់បុគ្គលនុ៎ះ មិនមែនមានដើម្បីព្រះនិព្វានជាទីស្ងប់ទេ ការទទួលមាស និងប្រាក់នុ៎ះ មិនសមគួរដល់សមណៈទេ ការទទួលនូវប្រាក់ និងមាសនុ៎ះ មិនមែនជាទ្រព្យប្រសើរទេ។ ការទទួលនូវប្រាក់ និងមាសនុ៎ះ សុទ្ធតែជាគ្រឿងឲ្យកើតលោភ ជាគ្រឿងស្រវឹង ជាគ្រឿងវង្វេង ជាគ្រឿងព័ន្ធព័ទ្ធដោយធុលី គឺកិលេស ប្រកបដោយសេចក្ដីរង្កៀស មានសេចក្ដីចង្អៀតចង្អល់ច្រើន សេចក្ដីទៀងទាត់ឋិតថេរក្នុងទ្រព្យនេះ មិនមានទេ។ ពួកនរជន (ដែលត្រេកអរ) ដោយទ្រព្យប៉ុណ្ណេះ ឈ្មោះថាជាអ្នកប្រហែសធ្វេស ជាអ្នកមានចិត្តសៅហ្មង ជាអ្នកអាក់អន់ រមែងធ្វើនូវជំលោះជាច្រើន ទៅវិញទៅមក។ សេចក្ដីវិនាសច្រើនប្រការ គឺការសម្លាប់ ការចង ការសៅហ្មង សេចក្ដីវិនាស សេចក្ដីសោក ខ្សឹកខ្សួល រមែងកើតប្រាកដដល់ពួកជន ដែលដេកត្រាំក្នុងកាមទាំងឡាយ។ អ្នកទាំងឡាយ ជាញាតិមែន តែហាក់ដូចជាសត្រូវ ល្បួងខ្ញុំនោះក្នុងកាមទាំងឡាយធ្វើអ្វី (ព្រោះ) អ្នកទាំងឡាយ ជ្រាបនូវខ្ញុំថាជាអ្នកបួស ជាស្រ្តីឃើញនូវភ័យក្នុងកាមទាំងឡាយ។
ID: 636867026027809101
ទៅកាន់ទំព័រ៖