ព្រះត្រៃបិដក ភាគ ៥៧
[២៣៨] កាយដ៏ពេញដោយមន្ទិល មានចំណែកផ្សេង ៗ កើតក្នុងរណ្ដៅលាមកធំ គឺផ្ទៃមាតា ដូចជ្រាំចាស់ដែលអាប់អួយូរ ឬដូចបូសធំ ដំបៅធំ ជាកាយដ៏ពេញដោយខ្ទុះ និងឈាម ពេញព្រៀបក្នុងរណ្តៅលាមក ជាទីហូរចេញនៃទឹក រមែងហូរចេញនូវវត្ថុមិនស្អាតសព្វ ៗ កាល។ កាយដែលចងភ្ជាប់ដោយសរសៃធំ ៦០ លាបដោយគ្រឿងលាប គឺសាច់ ប្រដាប់ដោយអាវ គឺស្បែក ជាកាយស្អុយ រកប្រយោជន៍គ្មាន តភ្ជាប់គ្នាដោយរាងឆ្អឹង ចងស្រាក់ដោយចេស គឺសរសៃ សម្រេចឥរិយាបថបាន ព្រោះប្រជុំនៃអាការមិនតែមួយ។ កាយមានដំណើរទៅរកសេចក្តីស្លាប់ដ៏ទៀងទាត់ (ឋិតនៅ) ក្នុងសំណាក់នៃមច្ចុរាជ ឯនរជនតែងទំលាក់ចោលនូវកាយក្នុងលោកនេះ ហើយទៅតាមយថាកម្ម។ កាយត្រូវអវិជ្ជាដោតក្រងហើយ ត្រូវគ្រឿងចាក់ស្រែះ ៤ យ៉ាង ចាក់ស្រែះហើយ កាយក៏លិចចុះក្នុងឱឃៈ ត្រូវបណ្ដាញនៃអនុសយៈគ្របសង្កត់ហើយ ប្រកបក្នុងនីវរណៈ ៥ ពេញដោយមិច្ឆាវិតក្កៈ ជាប់ដោយមូលនៃភព គឺតណ្ហា ត្រូវដំបូល គឺមោហៈបិទបាំងហើយ កាយនេះរមែងប្រព្រឹត្តទៅដូចពោលមកនេះ អន្ទោលទៅតាមយន្ដ គឺកម្ម។ ធម្មតាសម្បត្តិ តែងមានវិបត្តិជាទីបំផុត ការកើតផ្សេង ៗ រមែងវិនាសទៅវិញ។
ID: 636866931703774075
ទៅកាន់ទំព័រ៖