ព្រះត្រៃបិដក ភាគ ៥៧
កាមគុណរបស់ខ្ញុំ រមែងចំរើនឡើងក្រៃលែង ព្រោះឃើញភ្នែករបស់នាង ដែលប្រៀបដោយត្របកនៃផ្កាឧប្បល ត្រង់មុខ ប្រាសចាកមន្ទិល ប្រាកដស្មើដោយមាស។ នែនាងមានរូបស្រស់ស្រោង មានភ្នែកថ្លាស្អាត បើទុកជាយើងទៅកាន់ទីឆ្ងាយ ក៏នៅតែរលឹកឃើញ ម្នាលនាងមានភ្នែកថ្លាដូចភ្នែកកិន្នរី ឥតមានអ្វីមួយ ជាទីស្រឡាញ់នៃខ្ញុំ ជាងភ្នែករបស់នាងទេ។
(នាងថេរីពោលថា) អ្នកប្រាថ្នានូវធីតា ជាឱរសរបស់ព្រះពុទ្ធ (នេះ) ឈ្មោះថាប្រាថ្នាដើម្បីដើរទៅតាមផ្លូវខុស ឈ្មោះថាស្វែងរកព្រះចន្ទមកធ្វើជាល្បែង ឈ្មោះថាប្រាថ្នាដើម្បីលោតឡើងកាន់ភ្នំសិនេរុ។ ឥឡូវនេះ ប្រសិនបើរាគៈ គប្បីមានដល់អាត្មាក្នុងអារម្មណ៍ណា អារម្មណ៍នោះ មិនមានក្នុងលោក ព្រមទាំងទេវលោក អាត្មាមិនដឹងនូវដំណើរនោះថា មានភាវៈអ្វីស្មើ (ដោយរាគៈ) ទេ បានជា (រាគៈនោះ) អាត្មាដកចោលទាំងឫស ដោយអរិយមគ្គហើយ។ (រាគៈនោះ) អាត្មាបានកំចាត់ចេញហើយ ដូចជាភាជនៈដាក់នូវថ្នាំពិស ដែលបុគ្គលបោះចោលក្នុងរងើកភ្លើងហើយ អាត្មាមិនឃើញនូវដំណើរនោះថា មានសភាវៈអ្វីស្មើ (ដោយរាគៈ) ទេ បានជា (រាគៈនោះ) អាត្មាដកចោលទាំងឫស ដោយអរិយមគ្គហើយ។
ID: 636867027586868274
ទៅកាន់ទំព័រ៖