ព្រះត្រៃបិដក ភាគ ៥៧

​បុគ្គល​ឃើញ​រូប​ស្រ្តី​ ​ដែលគេ​គូរ​នឹង​ជញ្ជាំង​ ​លាបលន​ដោយ​ថ្នាំ​ដ៏​ស្រស់​ ​យ៉ាងណាមិញ​ ​អ្នកមាន​ការ​ឃើញ​វិបរិត​ ​ក្នុង​រូប​នោះ​ ​ក៏​យ៉ាងនោះ​ដែរ​ ​បញ្ញា​ជា​របស់​មនុស្ស​ ​ឥតប្រយោជន៍​ទេ​ឬ​។​ ​នែ​បុគ្គល​អន្ធពាល​ ​អ្នក​ស្ទុះ​ចូល​មក​ជិត​នូវ​អត្តភាព​ដ៏​ទទេ​ ​ដែល​ប្រៀប​ដូចជា​ថ្ងៃ​បណ្ដើរកូន​ ​តាំងនៅ​ក្នុង​ខាងមុខ​ ​ឬដូច​ជា​យល់សប្ដិឃើញ​ដើមឈើ​មាស​ ​ពុំ​នោះ​ ​ដូចជា​រូប​យន្ដ​គ្រាំគ្រា​ ​ក្នុង​កណ្ដាល​នៃ​ជន​។​ ​ពពុះ​បាំងស្បែក​កណ្ដាល​ភ្នែក​ ​ឬ​ព្រៀ​ក​ទឹកភ្នែក​ ​ឬក៏​ពក​បាយ​ភ្នែក​ ​តែង​កើត​ក្នុង​មណ្ឌល​នៃ​ភ្នែក​នោះ​ ​ដូចជា​ពពុះទឹក​ល័ក្ខ​ ​ដែល​បុគ្គល​ប្រស់​លើ​កម្រាល​ចៀម​ស្ងួត​ ​ព្រោះថា​សណ្ឋាន​របស់​ភ្នែក​ ​មាន​ពណ៌​ផ្សេង​ ​ៗ​ ​ដែល​សង្ខារ​តាក់តែង​ហើយ​។​ ​
 នាង​សុភា​ភិក្ខុនី​ ​មានចិត្ត​ឥត​ជាប់​ចំពាក់​ ​បាន​ឆ្កៀលភ្នែក​ជាទីស្រឡាញ់​ ​មិន​ជាប់​ចំពាក់​ ​ហើយក៏​ឲ្យ​ដល់​បុរស​នោះ​ ​ក្នុង​ពេលនោះ​ ​ដោយ​ពាក្យ​ថា​ ​ហ៎​ ​អាត្មា​ឲ្យភ្នែក​ដល់​អ្នក​ ​ចូរ​អ្នក​យក​ភ្នែក​នោះ​ទៅចុះ​។​ ​រាគៈ​របស់​បុរស​នោះ​ ​ក៏​ប្រាស​ចេញ​ក្នុងខណៈនោះ​ផង​ ​បុរស​នោះ​ ​បាន​ញ៉ាំង​ភិក្ខុនី​នោះ​ ​ឲ្យ​អត់ទោស​ក្នុង​ទីនោះ​ផង​ ​ដោយ​ពាក្យ​ថា​ ​ម្នាលនាង​ជា​ព្រហ្មចារិនី​ ​សួស្ដី​ចូរ​មាន​ ​(​ដល់​នាង​)​ ​ការប្រព្រឹត្តិ​អនាចារ​បែបនេះ​ ​នឹង​មិន​មានដល់​ខ្ញុំ​ទេ​។​ ​
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 636867028033213804
ទៅកាន់ទំព័រ៖