ព្រះត្រៃបិដក ភាគ ៥៧

​លំដាប់នោះ​ ​ខ្ញុំ​ក៏​ប្រណម្យ​អញ្ជលី​ ​យំ​ពោល​នឹង​បិតា​ថា​ ​បពិត្របិតា​ ​សូម​លោក​អនុញ្ញាត​ខ្ញុំ​ ​ខ្ញុំ​នឹង​ញ៉ាំង​បាបកម្ម​ដែល​ខ្ញុំ​ធ្វើ​ហើយ​នោះ​ ​ឲ្យ​វិនាស​។​ ​គ្រានោះ​ ​បិតា​ពោល​នឹង​ខ្ញុំ​ថា​ ​(​ព្រះសម្មាសម្ពុទ្ធ​)​ ​ព្រះអង្គ​ប្រសើរ​ជាង​សត្វ​ជើង​ពីរ​ ​ទ្រង់​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​លោកុត្តរធម៌​ណា​ ​នាង​ចូរ​បាន​លុះ​នូវ​ពោធិញ្ញាណ​ ​និង​អគ្គ​ធម៌​ ​និង​ព្រះនិព្វាន​នោះ​ចុះ​។​ ​ខ្ញុំ​ថ្វាយបង្គំលា​បិតា​មាតា​ ​និង​ពពួក​នៃ​ញាតិ​ទាំងអស់​ ​ហើយ​បួស​បាន​ ​៧​ ​ថ្ងៃ​ ​ក៏​សម្រេច​វិជ្ជា​បី​។​ ​ខ្ញុំ​ដឹងជាតិ​របស់​ខ្លួន​ ​បាន​ ​៧​ ​ជាតិ​ ​ផលវិបាក​នេះ​របស់​កម្ម​ណា​ ​ខ្ញុំ​នឹង​ប្រាប់​នូវ​កម្ម​នោះ​ដល់​នាង​ ​នាង​ចូរ​មានចិត្ត​តែមួយ​ ​ចាំ​ផ្ទៀង​ស្ដាប់​នូវ​កម្ម​នោះ​ ​ដូចតទៅ​នេះ​ ​ខ្ញុំ​ជាជាង​មាស​មានទ្រព្យ​ច្រើន​ ​ក្នុង​នគរ​ឈ្មោះ​ឯក​កច្ឆៈ​ ​ខ្ញុំ​នោះ​ជា​មនុស្ស​ស្រវឹង​ ​ព្រោះ​ការ​ស្រវឹង​វ័យ​ ​បាន​ប្រព្រឹត្ត​សេព​សំ​ភព​នឹង​ប្រពន្ធ​បុគ្គល​ដទៃ​។​ ​ខ្ញុំ​នោះ​លុះ​ឃ្លាតចាក​អត្តភាព​នោះ​ហើយ​ ​ក៏​ឆេះ​រោលរាល​ក្នុង​នរក​អស់​កាលយូរ​ ​លុះ​រួចចាក​នរក​នោះ​ហើយ​ ​មក​ចាប់បដិសន្ធិ​ក្នុង​ផ្ទៃ​នៃ​មេ​ស្វា​។​ ​ស្វា​ឈ្មោល​ធំ​ជា​ម្ចាស់​នៃ​ហ្វូង​ ​ខាំ​ផ្ដាច់​នូវ​ជាតកម្ម​ ​គឺ​អង្គជាត​ ​(​របស់ខ្ញុំ​)​ ​ដែល​ទើបនឹង​កើត​បាន​ ​៧​ ​ថ្ងៃ​ ​នុ៎ះ​ជា​ផល​នៃ​កម្ម​របស់ខ្ញុំ​នុ៎ះ​ ​ដែល​គប់​រក​នូវ​ប្រពន្ធ​នៃ​បុគ្គល​ដទៃ​។​ ​ខ្ញុំ​នោះ​ធ្វើ​មរណកាល​ ​ច្យុត​ចាក​កំណើត​នៃ​ស្វា​នោះ​ហើយ​ ​ក៏​ចាប់បដិសន្ធិ​ក្នុង​ផ្ទៃ​នៃ​មេ​ពពែ​ខ្វាក់​ផង​ ​ខ្ចក​ផង​ ​ក្នុង​ដែន​នៃ​ស្ដេច​សិន្ធវៈ​។​ ​
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 636867030022367577
ទៅកាន់ទំព័រ៖