ព្រះត្រៃបិដក ភាគ ៥៧
ថេរីគាថា មហានិបាត
[៣៣៨] នាងសុមេធា ជាធីតានៃអគ្គមហេសីរបស់ព្រះរាជា ទ្រង់ព្រះនាមកោញ្ចៈ ក្នុងនគរឈ្មោះមន្ដាវតី ជាស្រ្តីដែលព្រះអរិយៈ អ្នកធ្វើសាសនាឲ្យជ្រះថ្លាហើយ។ នាងសុមេធា ជាស្រីមានសីល ជាធម្មកថិកាដ៏វិចិត្រ ជាពហុស្សូត ជាស្រីបានបទក្នុងព្រះពុទ្ធសាសនា ចូលទៅជិតព្រះមាតាបិតា ហើយទូលថា សូមទ្រង់ទាំងពីរស្ដាប់ (ពាក្យខ្ញុំម្ចាស់)។ ខ្ញុំម្ចាស់ជាអ្នកត្រេកអរ ចំពោះព្រះនិព្វាន ភពសូម្បីជាទិព្វ ក៏ជារបស់មិនទៀងទាត់ នឹងចាំបាច់ពោលទៅថ្វីដល់កាមទាំងឡាយ ដែលជារបស់សោះសូន្យ មានការត្រេកអរតិច មានសេចក្ដីចង្អៀតចង្អល់ច្រើន។ ពួកជនពាល ឈ្លក់ក្នុងកាមទាំងឡាយណា កាមទាំងឡាយនោះ ជាសភាវៈខ្លោចផ្សា ឧបមាដូចជាអាសិរពិស ពួកជនពាលទាំងនោះ សឹងពេញណែនត្រៀបត្រាក្នុងនរក រងទុក្ខលំបាកអស់កាលដ៏អង្វែង។ ពួកជនពាលមានកម្មដ៏លាមក មានគំនិតអាក្រក់ មិនសង្រួមកាយ វាចា ចិត្ត រមែងសង្រេងសង្រៃ ក្នុងវិនិបាត (អបាយ) សព្វ ៗ កាល។ ជនពាលទាំងនោះ ជាអ្នកឥតប្រាជ្ញា ឥតចេតនា ត្រូវតណ្ហាជាហេតុនៃទុក្ខរួបរឹត មិនដឹង (នូវចតុសច្ចធម៌) ដែលព្រះសម្ពុទ្ធទ្រង់សំដែង រមែងមិនត្រាស់ដឹងនូវអរិយសច្ចទាំងឡាយ។
ID: 636867030729878044
ទៅកាន់ទំព័រ៖