ព្រះត្រៃបិដក ភាគ ៥៧
មាតាជាទុក្ខស្រែកយំ បិតាក៏ជាទុក្ខ ត្រូវសេចក្ដីសោកស្ដាយគ្របសង្កត់ដូចគ្នា ប្រឹងប្រែងសង្រួបសង្រួមធីតានោះ ដែលដួលចុះលើផែនដី នាផ្ទៃប្រាសាទថា។
ម្នាលកូនស្រី ចូរនាងក្រោកឡើង ប្រយោជន៍អ្វីដោយការសោក (ដើម្បីចង់បួស) យើងបានថ្វាយនាងដល់ស្ដេច ទ្រង់ព្រះនាមអនិករត្តៈ ជាស្ដេចមានរូបល្អ ក្នុងនគរឈ្មោះវារណវតីហើយ។ នាងនឹងបានជាអគ្គមហេសី នឹងបានជាភរិយា របស់ស្ដេចអនិករត្តៈ នែកូនស្រី សីល ព្រហ្មចរិយធម៌ និងបព្វជ្ជា គេធ្វើបានកម្រណាស់។ អាណាចក្រក្នុងរាជ (នៃស្ដេចអនិករត្តៈ) ទ្រព្យ និងឥស្សរិយយស (ក៏មានច្រើន) ភោគសម្បត្តិទាំងឡាយ នាំមកនូវសេចក្ដីសុខ ទាំងខ្លួននាង ក៏នៅក្រមុំ ព្រោះហេតុនោះ នាងចូរប្រើប្រាស់ភោគសម្បត្តិ តាមប្រាថ្នាចុះ។ ម្នាលកូនស្រី កិច្ចដែលគេត្រូវដណ្ដឹង ចូរមានដល់នាង។
គ្រានោះ នាងសុមេធា ក្រាបទូលមាតាបិតានោះថា សម្បត្តិទាំងឡាយប្រាកដដូច្នេះ ចូរកុំមាន (ដល់ខ្ញុំម្ចាស់) ភពជារបស់គ្មានខ្លឹមសារ បព្វជ្ជា ឬមរណៈ ចូរមានដល់ខ្ញុំម្ចាស់ ព្រោះហេតុនោះ កិច្ចដែលគេត្រូវដណ្ដឹង (ចូរកុំមានដល់ខ្ញុំម្ចាស់ឡើយ)។ (សរីរៈនេះ) ដូចជាដង្កូវ ជាកាយស្អុយ មិនស្អាត មានក្លិនផ្សាយទៅគួរឲ្យខ្លាច
ID: 636867031573956323
ទៅកាន់ទំព័រ៖