ព្រះត្រៃបិដក ភាគ ៥៧
ប្រសិនបើ ការអស់ទៅនៃទុក្ខ សូម្បីមានការលំបាក (យ៉ាងនេះ) អស់រយឆ្នាំ ជាការប្រសើរ។ បុគ្គលណា ដឹងព្រះពុទ្ធដីការបស់ព្រះសាស្ដាយ៉ាងនេះ ហើយបានទទួលនូវសេចក្ដីលំបាក (ការអស់ទៅនៃទុក្ខ តែងមានដល់បុគ្គលនោះ) សង្សារ (ការអន្ទោលទៅ) របស់បុគ្គលពាលទាំងឡាយ ដែលលំបាករឿយ ៗ ជាសង្សារវែងឆ្ងាយ។ ការលំបាកតានតឹងមិនមានប្រមាណ រមែងប្រាកដក្នុងពួកទេវតា ពួកមនុស្ស ក្នុងកំណើតតិរច្ឆាន ក្នុងពួកអសុរកាយ ក្នុងពួកប្រេត និងក្នុងពួកនរក។ ក្នុងនរក មានសេចក្ដីលំបាកច្រើន សត្វដែលកើតក្នុងវិនិបាត ក៏លំបាក សូម្បីក្នុងពួកទេវតា ក៏មិនមានទីពឹង សេចក្ដីសុខដទៃក្រៃលែង ជាងសេចក្ដីសុខក្នុងព្រះនិព្វាន មិនមានទេ។ បុគ្គលពួកណា ខំប្រឹងប្រែងក្នុងសាសនារបស់ព្រះទសពល ជាអ្នកមានសេចក្ដីខ្វល់ខ្វាយតិច ខំព្យាយាមលះបង់ជាតិ និងមរណៈ បុគ្គលពួកនោះ ឈ្មោះថាបានព្រះនិព្វាន។ បពិត្រព្រះបិតា ខ្ញុំម្ចាស់នឹងចេញបួសក្នុងថ្ងៃនេះ ប្រយោជន៍អ្វីដោយភោគៈទាំងឡាយ ដែលឥតខ្លឹមសារ កាមទាំងឡាយ ទុកស្មើវត្ថុដែលគេខ្ជាក់ចោល ខ្ញុំម្ចាស់នឿយណាយហើយ ធ្វើឲ្យដូចដើមត្នោតមិនមានទីកើត (ដែលបុគ្គលដកចោលហើយ)។
ID: 636867031936547062
ទៅកាន់ទំព័រ៖