ព្រះត្រៃបិដក ភាគ ៥៧
នាងសុមេធា ជាស្រ្តីមិនត្រូវការដោយកាម មានមោហៈទៅប្រាសហើយ ក៏ទូលតបស្ដេចអនិករត្តៈនោះថា ព្រះអង្គកុំត្រេកត្រអាលចំពោះកាមទាំងឡាយ ព្រះអង្គចូរឃើញទោសក្នុងកាមទាំងឡាយវិញ។ ព្រះរាជាទ្រង់ព្រះនាមមន្ធាតុ ជាធំលើទ្វីបទាំងបួន ជាបុគ្គលប្រសើរផុតជាងពួកជនអ្នកបរិភោគកាម ទ្រង់មិនឆ្អែតឆ្អន់ (ដោយកាមទាំងឡាយ) ទ្រង់ទិវង្គតទៅ សេចក្ដីប្រាថ្នារបស់ស្ដេចនោះ នៅតែមិនពេញគ្រប់គ្រាន់នៅឡើយ។ ភ្លៀងគប្បីបង្អុរចុះនូវរតនៈទាំងឡាយ ៧ ប្រការ ជុំវិញ គ្រប់ទិសទាំង ១០ សេចក្ដីឆ្អែតចំពោះកាមទាំងឡាយ ក៏នៅតែមិនល្មម ពួកនរជន រមែងស្លាប់ទៅទាំងមិនឆ្អែត។ កាមទាំងឡាយ ប្រៀបដូចដាវ និងឈើស្រួច កាមទាំងឡាយ ប្រៀបដូចជាក្បាលនៃពស់ ឬប្រៀបដូចជាគប់ភ្លើង ក្រៀមក្រោះដូចជារាងឆ្អឹង តែងដុតកំដៅរឿយ ៗ។ កាមទាំងឡាយ មិនទៀងទាត់ មិនឋិតថេរ មានទុក្ខច្រើន មានពិសខ្លាំង មានសេចក្ដីតានតឹង ជាឫសគល់ មានសេចក្ដីទុក្ខជាផល ដូចជាដុំដែកដែលកំពុងឆេះ។ កាមទាំងឡាយ ប្រៀបដូចជាផ្លែឈើ ឬប្រៀបដូចដុំសាច់ នាំមកនូវទុក្ខ កាមទាំងឡាយ ដូចជាការយល់សប្ដិ ជាគ្រឿងបញ្ឆោត ដូចជារបស់ខ្ចីគេ។ កាមទាំងឡាយ ដូចជាលំពែង និងដែកស្រួច ដូចជារោគ ឬដូចជាបូស ជាគ្រឿងតានតឹង ចង្អៀតចង្អល់
ID: 636867032390413021
ទៅកាន់ទំព័រ៖