ព្រះត្រៃបិដក ភាគ ៥៧

​សូម​ទ្រង់​កុំ​លះបង់​នូវ​សេចក្ដីសុខ​ដ៏​ធំ​ទូលាយ​ ​ព្រោះហេតុតែ​សុខ​ក្នុង​កាម​បន្តិចបន្តួច​ឡើយ​ ​សូម​ទ្រង់​កុំ​ក្ដៅក្រហាយ​ក្នុង​កាល​ជា​ខាងក្រោយ​ ​ដូចជា​ត្រី​លេប​នូវ​សន្ទូច​។​ ​សូម​ទ្រង់​កុំ​ច្រាស់ច្រាល់​ ​ព្រោះតែ​កាម​ទាំងឡាយ​ ​ដូច​សុនខ​ ​ដែលគេ​ចងភ្ជាប់​នឹង​បង្គោល​ ​ឱ​ ​សត្វ​ទាំងឡាយ​ ​ជា​អ្នក​ស្រេកឃ្លាន​ ​តែង​ធ្វើតាម​សេចក្ដីប្រាថ្នា​ ​ដូចជា​ពួក​ចណ្ឌាល​ ​(​ព្រាន​បណ្ដើរ​ឆ្កែ​ ​ដល់​នូវ​សេចក្ដីវិនាស​ ​ព្រោះ​បាន​)​ ​នូវ​ឆ្កែ​។​ ​បើ​ទ្រង់​ប្រកប​ខ្លួន​ក្នុង​កាម​ ​នឹង​រងទុក្ខ​ ​មិន​មាន​ប្រមាណ​ផង​ ​រង​ទោមនស្ស​ក្នុងចិត្ត​ដ៏​ច្រើន​ផង​ ​សូម​ទ្រង់​លះបង់​កាម​ទាំងឡាយ​ ​ជា​របស់​មិន​ទៀង​ចេញ​។​ ​កាលបើ​ព្រះនិព្វាន​ ​ជា​ធម្មជាត​មិន​ចេះ​ចាស់​ ​មាន​ ​ទ្រង់​មានប្រយោជន៍​អ្វី​ ​ដោយ​កាម​ទាំងឡាយ​ជា​របស់​ចាស់​ ​កំណើត​ទាំងអស់​ ​ក្នុង​ភព​ទាំងពួង​ ​(​សុទ្ធតែ​)​ ​ត្រូវ​មរណៈ​ ​និង​ព្យាធិ​រឹបជាន់​។​ ​ព្រះនិព្វាន​នេះ​ ​មិន​ចាស់​ ​មិន​ស្លាប់​ ​ព្រះនិព្វាន​នេះ​ ​ទាំង​មិន​ចាស់​មិន​ស្លាប់​ ​មិន​មាន​សោក​ ​មិន​មាន​សត្រូវ​ ​មិន​ចង្អៀត​ ​មិន​ភ្លាំងភ្លាត់​ ​មិន​មាន​ភ័យ​ ​មិន​ក្ដៅ​រោលរាល​។​ ​អមត​និព្វាន​នេះ​ ​ព្រះ​អរិយៈ​ទាំងឡាយ​ ​មាន​ព្រះពុទ្ធ​ជាដើម​ច្រើន​រូប​ ​បាន​ហើយ​ ​មិន​តែប៉ុណ្ណោះ​ទេ​ ​ព្រះនិព្វាន​នេះ​ ​គេ​គប្បី​បាន​ក្នុង​កាល​សព្វថ្ងៃ​នេះ​ ​បុគ្គល​ណា​ ​ព្យាយាម​ដោយ​ឧបាយ​ប្រាជ្ញា​ ​(​បុគ្គល​នោះ​ ​រមែង​បាន​នូវ​ព្រះនិព្វាន​)​ ​តែ​បុគ្គល​ដែល​មិន​មាន​សេចក្ដី​ប្រឹងប្រែង​ ​មិន​អាច​បាន​នូវ​ព្រះនិព្វាន​ឡើយ​។​
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 636867033600942260
ទៅកាន់ទំព័រ៖