ព្រះត្រៃបិដក ភាគ ៥៧

​នាង​សុមេធា​ ​មិនបាន​នូវ​សេចក្ដីត្រេកអរ​ក្នុង​សង្ខារ​ ​ពោល​យ៉ាងនេះ​ ​នាង​សុមេធា​ ​កាល​ពន្យល់​ស្ដេច​អ​និ​ក​រត្តៈ​ហើយ​ ​ក៏​បោះ​សក់​ទាំងឡាយ​ចោល​លើ​ផែនដី​។​ ​ស្ដេច​អ​និ​ក​រត្តៈ​នោះ​ ​ក្រោក​ឡើង​ផ្គង​អញ្ជលី​ ​អង្វរ​បិតា​របស់​នាង​សុមេធា​នោះ​ថា​ ​សូម​ព្រះអង្គ​អនុញ្ញាត​បើក​រាជបុត្រី​ ​ឈ្មោះ​នាង​សុមេធា​ ​ឲ្យ​បួស​ចុះ​ ​ដើម្បីឲ្យ​នាង​ឃើញ​នូវ​ព្រះនិព្វាន​ ​ដែល​ជា​គុណជាត​ទៀងទាត់​។​ ​
 នាង​សុមេធា​នោះ​ ​ដែល​ជា​ស្រ្តី​តក់ស្លុត​ចំពោះ​សោក​ ​និង​ភ័យ​ ​លុះ​មាតាបិតា​បើកឲ្យ​ ​ក៏​បួស​ ​ហើយ​សិក្សា​នូវ​អគ្គ​ផល​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អភិញ្ញា​ ​៦​។​ ​ព្រះនិព្វាន​នោះ​ ​ជា​គុណជាត​អស្ចារ្យ​ ​ចំឡែក​ ​បាន​កើតមាន​ដល់​រាជកញ្ញា​ ​លុះ​ក្នុង​កាល​ជាទីបំផុត​ ​(​ទៀបនឹង​បរិនិព្វាន​)​ ​នាង​បាន​សំដែង​នូវ​បុព្វេ​និវាស​ចរិត​ថា​។​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់ព្រះ​នាម​កោនាគមនៈ​ ​(​ត្រាស់​ឡើង​ក្នុង​លោក​)​ ​យើង​ជា​សំឡាញ់​នឹងគ្នា​ទាំង​បី​នាក់​ ​(​គឺ​នាង​ធន​ញ្ជា​នី​ ​១​ ​នាង​ខេមា​ ​១​ ​ខ្ញុំ​ ​១​)​ ​បាន​ថ្វាយ​វិហារ​ទាន​ ​ក្នុង​អារាម​នៃ​សង្ឃ​ ​ជា​និវេសន៍​ដ៏​ថ្មី​។​ ​(​ដោយ​អានិសង្ស​នៃ​វិហារ​ទាន​នេះ​)​ ​យើង​ទាំងឡាយ​ ​បាន​ទៅ​កើត​ក្នុង​ពួក​ទេវតា​ ​១០​ ​ដង​ ​១០០​ ​ដង​ ​១០០០​ ​ដង​ ​១០.០០០​ ​ដង​ ​នឹង​បាច់​និយាយទៅ​ថ្វី​ ​ក្នុង​ពួក​មនុស្ស​។​
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 636867033807594079
ទៅកាន់ទំព័រ៖