ព្រះត្រៃបិដក ភាគ ៥៧
ថេរគាថា ទ្វាទសកនិបាត
[២៤២] បុគ្គលគប្បីសិក្សានូវសីល ឲ្យជាសីលដែលខ្លួនសិក្សាល្អហើយ ក្នុងលោកនេះ ព្រោះថា សីលដែលបុគ្គលសេពហើយ រមែងបង្អោនមកនូវសម្បត្តិទាំងពួង។ ជនអ្នកមានប្រាជ្ញា កាលចង់បាននូវសេចក្តីសុខ ៣ យ៉ាង គឺសេចក្តីសរសើរ ១ ការបាននូវសេចក្តីត្រេកអរមួយ ១ ការលះលោកនេះទៅហើយ រីករាយក្នុងឋានសួគ៌ ១ គប្បីរក្សានូវសីល។ ពិតណាស់ បុគ្គលអ្នកមានសីល រមែងបាននូវមិត្តទាំងឡាយច្រើន ដោយការសង្រួម ចំណែកបុគ្គលទ្រុស្តសីល កាលប្រព្រឹត្តអាក្រក់ រមែងឃ្លាតចាកមិត្តទាំងឡាយ។ ជនទ្រុស្តសីល រមែងបាននូវទោសផង នូវដំណេះដំណៀលផង ឯជនអ្នកមានសីល រមែងបាននូវគុណផង នូវកិត្តិសព្ទផង នូវសេចក្តីសរសើរផង សព្វ ៗ កាល។ សីល ជាខាងដើម ជាទីតាំង ជាមេនៃកល្យាណធម៌ និងជាប្រធាននៃធម៌ទាំងពួង ព្រោះហេតុនោះ បុគ្គលគប្បីជម្រះសីល។ សីលជាច្រាំង ជាទំនប់ ជាគ្រឿងញ៉ាំងចិត្តឲ្យរីករាយ ទាំងជាកំពង់របស់ព្រះពុទ្ធគ្រប់ព្រះអង្គ ព្រោះហេតុនោះ បុគ្គលគប្បីជម្រះនូវសីល។ សីលជាកំឡាំងរកអ្វីប្រៀបផ្ទឹមមិនបាន សីលជាអាវុធដ៏ឧត្តម សីលជាគ្រឿងអាភរណៈដ៏ប្រសើរ សីលជាគ្រឿងក្រោះយ៉ាងអស្ចារ្យ។
ID: 636866933944732250
ទៅកាន់ទំព័រ៖