ព្រះត្រៃបិដក ភាគ ៥៧
ខ្ញុំក៏ដាក់នូវអម្រែក ចូលទៅដើម្បីថ្វាយបង្គំព្រះសម្ពុទ្ធជាបុរសដ៏ខ្ពង់ខ្ពស់ ទ្រង់ឋិតនៅដើម្បីអនុគ្រោះខ្ញុំ។ ខ្ញុំថ្វាយបង្គំព្រះបាទទាំងគូរបស់ព្រះសាស្តា ហើយឋិតនៅក្នុងទីសមគួរ គ្រានោះ ខ្ញុំសូមបព្វជ្ជានឹងព្រះសម្ពុទ្ធ ព្រះអង្គឧត្តមជាងសព្វសត្វទាំងឡាយ។ លំដាប់នោះ ព្រះសាស្តា ព្រះអង្គប្រកបដោយសេចក្តីករុណា ទ្រង់អនុគ្រោះដល់លោកទាំងមូល ត្រាស់ហៅខ្ញុំថា អ្នកចូរចូលមកជាភិក្ខុចុះ ដូច្នេះ ព្រះវាចានោះ ជាឧបសម្បទារបស់ខ្ញុំ។ ព្រះជិនស្រី ទ្រង់ទូន្មានខ្ញុំយ៉ាងណា ខ្ញុំនោះ ជាបុគ្គលម្នាក់ឯង នៅក្នុងព្រៃ មិនខ្ជិលច្រអូស ក៏បានធើ្វតាមព្រះពុទ្ធដីកានៃព្រះសាស្តាយ៉ាងនោះ។ ខ្ញុំរលឹកឃើញនូវបុព្វជាតិ ក្នុងបឋមយាមនៃរាត្រី ជម្រះនូវទិព្វចក្ខុ ក្នុងមជ្ឈិមយាមនៃរាត្រី បានទំលាយនូវគំនរនៃងងឹត គឺអវិជ្ជា ក្នុងបច្ឆិមយាមនៃរាត្រី។ លំដាប់នោះ កាលដែលរាត្រីអស់ទៅ ព្រះអាទិត្យជិតរះឡើង ព្រះឥន្ទ្រ និងព្រះព្រហ្ម មកផ្គងអញ្ជលី នមស្ការចំពោះខ្ញុំថា បពិត្រលោកជាបុរសអាជានេយ្យ ខ្ញុំសូមថ្វាយបង្គំចំពោះលោក បពិត្រលោកជាបុរសដ៏ខ្ពង់ខ្ពស់ ខ្ញុំសូមថ្វាយបង្គំចំពោះលោក បពិត្រលោកនិទ៌ុក្ខ អាសវៈទាំងឡាយរបស់លោកណាអស់ហើយ លោកនោះ ជាទក្ខិណេយ្យបុគ្គល។
ID: 636866934403638498
ទៅកាន់ទំព័រ៖