ព្រះត្រៃបិដក ភាគ ៥៧
ថេរគាថា តេរសកនិបាត
[២៤៤] ព្រះសោណៈណា ជាអ្នកប្រសើរ ល្បីក្នុងដែនអង្គៈ ព្រះសោណៈនោះ ជាអ្នកប្រសើរ ក្នុងធម៌ទាំងឡាយ បានដល់នូវត្រើយនៃទុក្ខ ក្នុងថ្ងៃនេះ។ ភិក្ខុកាត់ នូវសំយោជនៈ (ខាងក្រោម) ៥ផង លះបង់នូវសំយោជនៈ (ខាងលើ) ៥ផង ចំរើននូវឥន្ទ្រិយ ៥ តទៅទៀតផង ជាអ្នកកន្លងនូវធម៌ ជាគ្រឿងជាប់ចំពាក់ ៥ យ៉ាងផង ទើបហៅថា អ្នកឆ្លងនូវអន្លង់បាន។ សីល សមាធិ និងបញ្ញា នៃភិក្ខុអ្នកមានមានះ ដូចបបុស ជាអ្នកប្រមាទ មានសេចក្តីប្រាថ្នាខាងក្រៅ រមែងមិនដល់នូវការពេញលេញឡើយ។ ព្រោះថា អំពើណាដែលត្រូវធើ្វ អំពើនោះ ពួកភិក្ខុណាបោះបង់ចោល ត្រឡប់ធើ្វអំពើដែលមិនត្រូវធើ្វវិញ អាសវៈទាំងឡាយ នៃពួកភិក្ខុទាំងនោះ ដែលជាអ្នកមានមានះ ដូចបបុស ជាអ្នកប្រមាទ រមែងចំរើនឡើង។ លុះតែកាយគតាសតិ ភិក្ខុទាំងឡាយណា ប្រារព្ធល្អជានិច្ច ភិក្ខុទាំងឡាយនោះ ជាអ្នកមានកិរិយាធើ្វរឿយ ៗ ក្នុងអំពើដែលត្រូវធើ្វ មិនសេពនូវអំពើ ដែលមិនត្រូវធើ្វ អាសវៈទាំងឡាយ នៃភិក្ខុទាំងឡាយមានស្មារតី ជាអ្នកដឹងខ្លួន រមែងដល់នូវសេចក្តីវិនាសទៅ។ ផ្លូវត្រង់ ព្រះសាស្តាបានប្រាប់ហើយ អ្នកទាំងឡាយ ចូរដើរទៅចុះ កុំត្រឡប់វិញឡើយ កុលបុត្រគប្បីដាស់តឿនខ្លួនដោយខ្លួនឯង គប្បី (នាំខ្លួន) ទៅកាន់ព្រះនិព្វាន។
ID: 636866934960720362
ទៅកាន់ទំព័រ៖