ព្រះត្រៃបិដក ភាគ ៥៧
ថេរគាថា ចុទ្ទសកនិបាត
[២៤៥] ខ្ញុំចេញចាកផ្ទះចូលកាន់ផ្នួស ក្នុងកាលណា កាលណោះ ខ្ញុំមិនដែលនឹកនូវសេចក្តីត្រិះរិះមិនប្រសើរ ដែលប្រកបដោយទោសទេ។ ក្នុងចន្លោះកាលដ៏វែងនេះ ខ្ញុំមិនដែលនឹកនូវសេចក្តីត្រិះរិះថា ពួកសត្វទាំងនេះ ចូរលំបាកចុះ ចូរស្លាប់ចុះ ចូរដល់នូវសេចក្តីទុក្ខចុះ ដូច្នេះទេ។ ប៉ុន្តែខ្ញុំធ្លាប់នឹកនូវមេត្តារកប្រមាណមិនបាន ដែលបានចំរើនល្អហើយ បានសន្សំហើយ តាមលំដាប់ ដូចព្រះពុទ្ធទ្រង់សំដែងហើយ។ ខ្ញុំមានសត្វទាំងពួងជាមិត្រ មានសត្វទាំងពួងជាសំឡាញ់ ជាអ្នកអនុគ្រោះដល់សត្វទាំងពួង បានចំរើននូវមេត្តាចិត្ត ត្រេកអររក្នុងការមិនបៀតបៀនសព្វកាល។ ខ្ញុំត្រេកអរចំពោះចិត្តដែលមិនងីកងាក មិនកម្រើក ខ្ញុំចំរើនព្រហ្មវិហារធម៌ ដែលព្រះអរិយៈជាបុរសមិនថោកទាប គប់រកហើយ។ សាវ័ករបស់ព្រះសម្មាសម្ពុទ្ធ ដល់នូវឈាន មិនមានវិតក្កៈ រមែងជាអ្នកប្រកបដោយតុណ្ហីភាពដ៏ប្រសើរ ក្នុងខណៈនោះ។ ភ្នំថ្មមិនកំរើក តាំងនៅស៊ប់ យ៉ាងណាមិញ ភិក្ខុរមែងមិនញាប់ញ័រ ដូចជាភ្នំ ព្រោះអស់ទៅនៃមោហៈ ក៏យ៉ាងនោះដែរ។ សប្បុរស មិនមានទីទួល គឺកិលេស អ្នកស្វែងរកនូវសេចក្តីស្អាតជានិច្ច ទុកជាមានបាបបន្តិចបន្តួចប៉ុនចុងរោមកន្ទុយសត្វ ក៏ប្រាកដដូចជាប៉ុនមេឃ។
ID: 636866935725324094
ទៅកាន់ទំព័រ៖