ព្រះត្រៃបិដក ភាគ ៥៧
ខ្ញុំធើ្វនូវចីវរឆៀងស្មាម្ខាង ហើយផ្គុំដៃ បានដើរចង្ក្រមតាមព្រះពុទ្ធ ព្រះអង្គប្រាសចាកធូលី គឺរាគៈ ឧត្តមជាងសព្វសត្វ។ លំដាប់នោះ ព្រះសាស្តា ព្រះអង្គទ្រង់ឈ្លាសវៃ ជ្រាបនូវប្រស្នា បានសួរប្រស្នាចំពោះខ្ញុំ ៗ ក៏មិនតក់ស្លុត មិនភិតភ័យ បានឆ្លើយប្រស្នាថ្វាយព្រះសាស្តា។ កាលដែលខ្ញុំឆ្លើយប្រស្នាចប់ហើយ ព្រះតថាគត ក៏ទ្រង់អនុមោទនា ហើយទ្រង់ទតមើលភិក្ខុសង្ឃ បានត្រាស់សេចក្តីនេះថា។ សោបាកៈនេះ ប្រើប្រាស់បច្ច័យ គឺចីវរ បិណ្ឌបាត ទីដេក និងទីអង្គុយ របស់ពួកអ្នកដែនអង្គៈ មគធៈណា ពួកជនអ្នកដែនអង្គៈ មគធៈនោះ ហៅពេញជាមានលាភ។ មួយទៀត ព្រះសាស្តា ត្រាស់នូវការក្រោកទទួល និងការប្រព្រឹត្តិសមគួរ ថាជាលាភរបស់ពួកជនអ្នកដែនអង្គៈ មគធៈនោះ។ (ព្រះសាស្តាត្រាស់ថា) ម្នាលសោបាកៈ តាំងពីថ្ងៃនេះជាដើមទៅ អ្នកចូរមកចួបនឹងតថាគតចុះ ម្នាលសោបាកៈ ការដោះស្រាយប្រស្នានេះឯង ចូរជាឧបសម្បទារបស់អ្នកចុះ។ ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត ក៏បានឧបសម្បទា ទ្រទ្រង់រាងកាយជាទីបំផុត ឱ! ព្រះធម៌ល្អណាស់តើ។
សោបាកត្ថេរ។
ID: 636866925464567213
ទៅកាន់ទំព័រ៖