ព្រះត្រៃបិដក ភាគ ៥៧
ភារៈដ៏ធ្ងន់ ខ្ញុំបានដាក់ចុះហើយ តណ្ហាជាគ្រឿងនាំទៅកាន់ភព ខ្ញុំដកចោលហើយ។ កុលបុត្រអ្នកចេញចាកផ្ទះ ចូលកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ ខ្ញុំបានដល់ហើយ ខ្ញុំមានប្រយោជន៍អ្វី ដោយសទ្ធិវិហារិក។
អញ្ញាកោណ្ឌញ្ញត្ថេរ។
[២៤៨] មនុស្សទាំងឡាយ តែងនមស្ការនូវព្រះសម្ពុទ្ធ ដែលទ្រង់មានព្រះជាតិ ជាមនុស្ស ទ្រង់បានបង្វឹកព្រះអង្គត្រឹមត្រូវ ឥតមានឆ្គង មានព្រះទ័យខ្ជាប់ខ្ជួន ទ្រង់ប្រព្រឹត្តក្នុងគន្លងដ៏ប្រសើរ ទ្រង់ពេញព្រះទ័យ ចំពោះឈានជាគ្រឿងស្ងប់ចិត្ត ព្រះអង្គបានដល់នូវត្រើយនៃធម៌ទាំងពួង ទ្រង់ឆ្លងរំលងនូវសំយោជនៈទាំងពួងហើយ ទ្រង់ (ចេញផុត) ចាកព្រៃ គឺកិលេស ស្ដេចមកដល់ព្រះនិព្វានហើយ ទ្រង់ពេញព្រះទ័យក្នុងការចេញចាកកាមទាំងឡាយ ដូចមាសចេញផុតចាកធាតុថ្មហើយ ទោះបីពួកទេវតាក៏នមស្ការព្រះអង្គដែរ ពាក្យដូច្នេះនេះ ខ្ញុំព្រះអង្គបានស្ដាប់ (ក្នុងសំណាក់) នៃព្រះអរហន្ដ ឯព្រះសម្ពុទ្ធ ទ្រង់ព្រះនាមថា នាគនោះឯង ព្រះអង្គរុងរឿងក្រៃពេក ដូចភ្នំហិមពាន្ដ ដែលរុងរឿងកន្លងនូវពួកភ្នំឯទៀត ព្រះអង្គមានព្រះនាមពិតប្រាកដ ប្រសើរបំផុតជាងជនទាំងពួង ដែលមាននាមថា នាគដែរ ខ្ញុំនឹងថ្លែងនូវពុទ្ធនាគដល់អ្នកទាំងឡាយ ព្រះពុទ្ធនាគនោះ មិនធើ្វនូវអំពើអាក្រក់ឡើយ។
ID: 636866937250811347
ទៅកាន់ទំព័រ៖