ព្រះត្រៃបិដក ភាគ ៥៧
ជនអ្នកមានកំឡាំង កាលចាំងឈើ រមែងនាំចេញនូវដែកគោល ដោយដែកគោល យ៉ាងណាមិញ ពួកជនអ្នកឈ្លាស រមែងរម្ងាប់នូវឥន្ទ្រិយទាំងឡាយ ដោយឥន្ទ្រិយទាំងឡាយ ក៏យ៉ាងនោះដែរ។ បុគ្គលណា ចំរើននូវសទ្ធា វីរិយៈ សមាធិ សតិ និងបញ្ញា សម្លាប់នូវឥន្ទ្រិយ ៥ (មានចក្ខុន្ទ្រិយជាដើម) ដោយឥន្ទ្រិយ ៥ បុគ្គលនោះ ឈ្មោះថាព្រាហ្មណ៍ ជាអ្នកមិនមានទុក្ខប្រព្រឹត្តទៅ។ បុគ្គលណា ធើ្វតាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ដោយសព្វគ្រប់ បុគ្គលនោះ ឈ្មោះថាជាអ្នកមានប្រយោជន៍ ជាអ្នកតាំងនៅក្នុងធម៌ នរជននោះ តែងដល់នូវសេចក្តីសុខ។
បារាសរិយត្ថេរ។
[២៥១] ខ្ញុំមានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស កាលគិតរកនូវធម៌ អស់កាលមានរាត្រីដ៏យូរណាស់ តែមិនបាននូវការស្ងប់រម្ងាប់នៃចិត្ត ទើបសួរនូវសមណព្រាហ្មណ៍ទាំងឡាយថា បុគ្គលណាសោត ដែលបានដល់នូវត្រើយក្នុងលោក អ្នកណាដែលបានដល់នូវព្រះនិព្វានឈ្មោះអមតៈ ខ្ញុំនឹងប្រតិបត្តិនូវធម៌ ជាគ្រឿងដឹងច្បាស់នូវប្រយោជន៍ដ៏ឧត្តមរបស់សមណព្រាហ្មណ៍ណា។ ខ្ញុំលុះក្នុងកិលេសជាគ្រឿងវៀចខាងក្នុង ដូចត្រីស៊ីនុយ ឬដូចអសុរឈ្មោះវេបចិត្តិជាប់ចំណងព្រះឥន្រ្ទ។
ID: 636866951220890390
ទៅកាន់ទំព័រ៖