ព្រះត្រៃបិដក ភាគ ៥៧
អាត្មាអញ រកមិនឃើញនូវពេទ្យ ដែលគប្បីដកឡើងនូវសរ គឺសេចក្តីសង្ស័យនោះ របស់អាត្មាអញ ដោយដង្កាប់សម្រាប់ដកផ្សេង ៗ ឬដោយកាំបិត មិនមែនដោយមន្ដដទៃឡើយ។ បុគ្គលណាហ្ន៎ មិនមានកាំបិត (កាត់) នូវសរ មិនឲ្យមានដំបៅដល់អាត្មាអញ មិនបានបៀតបៀននូវខ្លួនទាំងមូល ហើយដកនូវសរ គឺកិលេស ដែលអាស្រ័យនូវហឫទ័យរបស់អាត្មាអញបាន។ ព្រោះថា កាលបើអាត្មាអញ ធ្លាក់ចុះក្នុងសង្សារដ៏ជ្រៅហើយ (បុគ្គលណា) គប្បីបង្ហាញនូវដៃ ដែលញ៉ាំងអាត្មាអញឲ្យដល់ទីគោក គឺព្រះនិព្វានបាន បុគ្គលនោះ ឈ្មោះថាជាធំ ហេតុធម៌ ជាអ្នកប្រសើរ ជាអ្នកបន្សាត់បង់នូវពិស គឺទោសៈ។ អាត្មាអញ ជាអ្នកលិចចុះក្នុងអន្លង់ គឺសង្សារវដ្ដ មានធូលី គឺកិលេសនៅខាងក្នុង ដែលគេមិនអាចនឹងនាំចេញបាន ជាទីផ្សាយទៅដោយមាយា ដោយសេចក្តីច្រណែន ដោយការប្រណាំងប្រជែង និងថីនមិទ្ធៈ។ សេចក្តីត្រិះរិះទាំងឡាយ ដែលអាស្រ័យនូវរាគៈ បា្រកដស្មើដោយទឹកដែលហូរទៅ តែងបន្សាត់ទៅនូវបុគ្គលអ្នកមានទិដ្ឋិអាក្រក់ ដែលមានឧទ្ធច្ចៈជាមេឃគ្រហឹម មានសំយោជនៈជាភ្លៀង។ ខ្សែតណ្ហា រមែងហូរទៅក្នុងអារម្មណ៍ទាំងពួង តណ្ហាដូចជាវល្លិ៍ រមែងដុះបែកខ្នែង តើបុគ្គលណា ឃាត់នូវខ្សែតណ្ហានោះបាន ចុះបុគ្គលណាកាត់ផ្ដាច់នូវតណ្ហា ដូចជាវល្លិ៍នោះបាន។
ID: 636866951832725385
ទៅកាន់ទំព័រ៖