ព្រះត្រៃបិដក ភាគ ៥៧

​បពិត្រមហារាជ​ ​ហេតុ​នោះ​ ​អាត្មាភាព​ ​ឃើញ​ទោស​ក្នុង​កាមគុណ​ទាំងឡាយ​ ​ទើប​ចេញទៅ​បួស​។​ ​សត្វ​ទាំងឡាយ​ ​ទោះ​ក្មេង​ក្តី​ ​ចាស់​ក្តី​ ​តែង​បែកធ្លាយ​នូវ​សរីរៈ​ ​ដូចជា​ផ្លែឈើ​ជ្រុះ​ ​(​ចាក​ដើម​)​ ​បពិត្រមហារាជ​ ​អាត្មាភាព​ ​បានឃើញ​នូវ​របស់​មិន​ទៀង​នេះឯង​ ​បាន​ជា​ចេញ​បួស​ ​ភាពជា​សមណៈ​ ​មិនសូវ​ខុស​ភ្លាត់​ ​ជា​របស់ប្រសើរ​លើសលុប​។​ ​
 អាត្មាភាព​បួស​ដោយ​សទ្ធា​ ​បាន​ប្រកប​សេចក្តី​ប្រតិបត្តិ​ ​ក្នុង​សាសនា​នៃ​ព្រះ​ជិនស្រី​ ​បព្វជ្ជា​របស់​អាត្មាភាព​ ​មិន​មានទោស​ ​អាត្មាភាព​បរិភោគភោជន​ ​មិន​មាន​បំណុល​ទេ​។​ ​អាត្មាភាព​ ​ឃើញ​នូវ​កាម​ទាំងឡាយ​ ​ហាក់ដូចជា​ភ្លើង​ឆេះ​សព្វ​ហើយ​ ​ឃើញ​នូវ​ជាតរូប​ ​ហាក់ដូចជា​គ្រឿង​សស្រ្ដា​វុធ​ ​ឃើញ​ហេតុ​នាំមក​នូវ​ទុក្ខ​ ​តាំងតែ​អំពី​ការ​ចុះ​ចាប់បដិសន្ធិ​ក្នុង​គភ៌​ ​ឃើញ​នូវ​ភ័យ​ធំ​ក្នុង​នរក​ទាំងឡាយ​។​ ​អាត្មាភាព​ ​ឃើញ​នូវ​ទោស​នេះឯង​ ​ក៏បាន​នូវ​សេចក្តី​សំវេគ​ ​ក្នុង​កាលនោះ​ ​អាត្មាភាព​ហ្នឹងឯង​ ​ជា​អ្នក​ត្រូវ​សរ​មុត​ហើយ​ ​ក្នុង​កាលនោះ​ ​(​ឥឡូវនេះ​)​ ​បាន​ដល់ហើយ​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​។​ ​ព្រះ​សាស្តា​ ​អាត្មាភាព​ ​បាន​បម្រើ​ហើយ​ ​ព្រះពុទ្ធ​សាសនា​ ​អាត្មាភាព​ក៏បាន​ធើ្វ​ហើយ​ ​ភារៈ​ដ៏​ធ្ងន់​ ​អាត្មាភាព​បាន​ដាក់ចុះ​ហើយ​ ​តណ្ហា​ជា​គ្រឿង​នាំ​សត្វ​ទៅកាន់​ភព​ ​អាត្មាភាព​បាន​ដក​ចោល​ហើយ​។​ ​
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 636866953558074069
ទៅកាន់ទំព័រ៖