ព្រះត្រៃបិដក ភាគ ៥៧
បុគ្គលកាលធុំក្លិនហើយ ធើ្វទុកក្នុងចិត្តនូវនិមិត្តជាទីស្រឡាញ់ ស្មារតីរមែងភ្លាំងភ្លាត់ បុគ្គលនោះ រមែងមានចិត្តត្រេកអរ ទទួលយក លេបយកនូវអារម្មណ៍នោះ។ វេទនាទាំងឡាយជាច្រើន មានក្លិនជាដែនកើត រមែងចំរើនដល់បុគ្គលនោះ ចិត្តរបស់បុគ្គលនោះ រមែងចង្អៀតចង្អល់ ព្រោះអភិជ្ឈាផង ព្រោះវិហេសាផង បុគ្គលកាលសន្សំយ៉ាងនេះ ទុក្ខ (រមែងប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ឆ្ងាយអំពីព្រះនិព្វាន។ បុគ្គលកាលបរិភោគរសហើយ ធើ្វទុកក្នុងចិត្តនូវនិមិត្តជាទីស្រឡាញ់ ស្មារតីរមែងភ្លាំងភ្លាត់ បុគ្គលនោះ រមែងមានចិត្តត្រេកអរ ទទួលយក និងលេបយកនូវអារម្មណ៍នោះ។ វេទនាទាំងឡាយជាច្រើន មានរសជាដែនកើត រមែងចំរើនដល់បុគ្គលនោះ ចិត្តរបស់បុគ្គលនោះ រមែងចង្អៀតចង្អល់ ព្រោះអភិជ្ឈាផង ព្រោះវិហេសាផង បុគ្គលកាលសន្សំយ៉ាងនេះ ទុក្ខ (រមែងប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ឆ្ងាយអំពីព្រះនិព្វាន។ បុគ្គលកាលប៉ះពាល់នូវផស្សៈ ហើយធ្វើទុកក្នុងចិត្តនូវនិមិត្តជាទីស្រឡាញ់ ស្មារតីរមែងភ្លាំងភ្លាត់ បុគ្គលនោះ រមែងមានចិត្តត្រេកអរ ទទួលយក លេបយកនូវអារម្មណ៍នោះ។ វេទនាទាំងឡាយជាច្រើន មានផស្សៈជាដែនកើត រមែងចំរើនដល់បុគ្គលនោះ ចិត្តរបស់បុគ្គលនោះ រមែងចង្អៀតចង្អល់ ព្រោះអភិជ្ឈាផង ព្រោះវិហេសាផង
ID: 636866953956576862
ទៅកាន់ទំព័រ៖