ព្រះត្រៃបិដក ភាគ ៥៧
ចុះភិក្ខុណា ជាសេនាបតីរបស់ព្រះអង្គ ជាសាវ័កប្រព្រឹត្តតាមព្រះសាស្ដា ភិក្ខុណា ញ៉ាំងធម្មចក្កនេះ ដែលព្រះអង្គឲ្យប្រព្រឹត្តទៅហើយ ឲ្យប្រព្រឹត្តទៅបាន។
(ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលសេលៈ) ភិក្ខុសារីបុត្ត ជាអនុជាតរបស់តថាគត ញ៉ាំងធម្មចក្កដ៏ប្រសើរ ដែលតថាគតឲ្យប្រព្រឹត្តទៅហើយ ឲ្យប្រព្រឹត្តទៅបាន។ ម្នាលព្រាហ្មណ៍ ទុក្ខសច្ចដែលគួរដឹងច្បាស់ តថាគតបានដឹងច្បាស់ហើយ មគ្គសច្ចដែលគួរចំរើន តថាគតបានចំរើនហើយ សមុទយសច្ច ដែលគួរលះ តថាគតក៏បានលះហើយ ព្រោះហេតុនោះ ទើបតថាគត ជាព្រះពុទ្ធ។ ម្នាលព្រាហ្មណ៍ អ្នកចូរកម្ចាត់បង់នូវសេចក្តីសង្ស័យក្នុងតថាគតចេញ អ្នកចូរជឿស៊ប់ចុះ (ព្រោះថា) ការចួបប្រទះនឹងព្រះសម្មាសម្ពុទ្ធទាំងឡាយរឿយ ៗ ជាការរកបានកម្រ។ ម្នាលព្រាហ្មណ៍ ការកើតប្រាកដឡើងរឿយ ៗ នៃព្រះសម្មាសម្ពុទ្ធណា ដែលរកបានដោយក្រក្នុងលោក តថាគតនោះ ជាព្រះពុទ្ធ ដូចពេទ្យវះ ជាបុគ្គលប្រសើរបំផុត មានសភាពដូចព្រហ្ម មានតម្លៃដ៏លើសលុប ជាអ្នកញាំញីនូវមារ និងសេនានៃមារ ធើ្វនូវបច្ចាមិត្តទាំងអស់ ឲ្យនៅក្នុងអំណាច ហើយរីករាយ ឥតមានភ័យអំពីទីណាឡើយ។
ID: 636866955083471317
ទៅកាន់ទំព័រ៖