ព្រះត្រៃបិដក ភាគ ៥៧
(សេលព្រាហ្មណ៍ ពោលថា) ម្នាលអ្នកទាំងឡាយដ៏ចំរើន អ្នកទាំងឡាយ ចូរផ្ទៀងស្តាប់នូវពាក្យ តាមដែលព្រះដ៏មានព្រះភាគ ព្រះអង្គមានចក្ខុ សម្ដែងនេះចុះ ដ្បិតព្រះមានព្រះភាគ ដូចជាពេទ្យវះ ជាមហាវីរបុរស បន្លឺសីហទានដូចជាសត្វសីហៈក្នុងព្រៃ។ ទោះបីនរណា ជាកណ្ហាភិជាតិ (អ្នកមានជាតិខ្មៅ) បានឃើញព្រះមានព្រះភាគ ព្រះអង្គមានសភាពដូចជាព្រហ្ម មានតម្លៃដ៏លើសលុប ទ្រង់ញាំញីនូវមារ និងសេនានៃមារហើយ តើនឹងមិនជ្រះថ្លាដូចម្ដេចបាន។ បុគ្គលណាចង់មក ចូរតាមយើងមក បុគ្គលណាមិនចង់ទេ ចូរទៅវិញចុះ ខ្ញុំនឹងបួសក្នុងសម្នាក់ព្រះពុទ្ធ ព្រះអង្គមានប្រាជ្ញាដ៏ប្រសើរក្នុងទីនេះ។
(ពួកមាណពនោះ ពោលថា) បើលោកពេញចិត្តនឹងសាសនាព្រះសម្មាសម្ពុទ្ធនុ៎ះ ពួកយើងក៏នឹងបួសក្នុងសំណាក់ព្រះពុទ្ធ មានប្រាជ្ញាដ៏ប្រសើរដែរ។ ពួកព្រាហ្មណ៍ទាំង ៣០០ នេះ ក៏ផ្គងអញ្ជលីសុំផ្នួសថា បពិត្រព្រះមានព្រះភាគ ពួកយើងសូមប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសម្នាក់ព្រះអង្គ។
ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសេលៈ ព្រហ្មចរិយធម៌ តថាគតសំដែងទុកប្រពៃហើយ ជាធម៌ដែលគួរឃើញជាក់ដោយខ្លួនឯង ជាធម៌ឲ្យផលមិនរង់ចាំកាល បព្វជ្ជារបស់បុគ្គលអ្នកមិនប្រមាទ ជាអ្នកសិក្សាក្នុងព្រហ្មចរិយធម៌នោះ មិនឥតអំពើឡើយ។
ID: 636866955468473338
ទៅកាន់ទំព័រ៖