ព្រះត្រៃបិដក ភាគ ៥៧
(ព្រះមានព្រះភាគ ត្រាស់ថា) ម្នាលអង្គុលីមាល តថាគតឈ្មោះថា ឈប់ ព្រោះដាក់បង់នូវអាជ្ញា ចំពោះពួកសត្វទាំងពួងគ្រប់កាលហើយ ចំណែកខាងអ្នក ជាបុគ្គលមិនសង្រួមក្នុងពួកសត្វ ព្រោះហេតុនោះ តថាគតទើបឈ្មោះថា ឈប់ ឯអ្នកឈ្មោះថា មិនឈប់ទេ។
(អង្គុលិមាលចោរ ពោលថា) យូរណាស់មកហើយ ព្រះសមណៈអ្នកស្វែងរកនូវគុណដ៏ធំ ដែលគេបូជា ទើបតែនឹងយាងមកកាន់ព្រៃធំ (ដើម្បីអនុគ្រោះ) ដល់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គនោះ នឹងលះបង់នូវបាបដ៏ច្រើន ព្រោះបានស្ដាប់ព្រះគាថាដែលប្រកបដោយធម៌របស់ព្រះអង្គ។ អង្គុលិមាលចោរពោលដូច្នេះហើយ ក៏ទំលាក់ចោលនូវដាវ និងអាវុធ ទៅក្នុងត្រពាំង ក្នុងជ្រោះ ក្នុងរណ្ដៅ អង្គុលិមាលចោរ បានថ្វាយបង្គំនូវព្រះបាទទាំងឡាយ នៃព្រះសុគត ហើយសុំផ្នួសនឹង ព្រះពុទ្ធ ក្នុងទីនោះឯង។
ព្រះមានព្រះភាគអង្គណា ជាព្រះពុទ្ធប្រកបដោយករុណា ទ្រង់ស្វែងរកនូវគុណដ៏ធំ ជាសាស្ដានៃមនុស្សលោក ព្រមទាំងទេវលោក ព្រះមានព្រះភាគអង្គនោះ ទ្រង់បានត្រាស់នឹងអង្គុលិមាលចោរ ក្នុងកាលនោះថា អ្នកចូរមកជាភិក្ខុចុះ ភិក្ខុភាពនុ៎ះឯង ក៏សម្រេចដល់អង្គុលិមាលចោរនោះ។
ID: 636866959059078709
ទៅកាន់ទំព័រ៖