ព្រះត្រៃបិដក ភាគ ៥៧
(ព្រះអង្គុលិមាលត្ថេរ ពោលថា) បុគ្គលណា ប្រមាទក្នុងកាលមុន ហើយមិនប្រមាទក្នុងកាលខាងក្រោយ បុគ្គលនោះ រមែងញ៉ាំងលោកនេះ ឲ្យរុងរឿង ដូចព្រះចន្ទផុតស្រឡះចាកពពក។ បុគ្គលណាបានធើ្វអំពើបាប ហើយបិទ (អំពើបាបនោះ) ដោយកុសល បុគ្គលនោះ រមែងញ៉ាំងលោកនេះ ឲ្យរុងរឿង ដូចព្រះចន្ទផុតស្រឡះចាកពពក។ ភិក្ខុណា នៅក្មេង តែខ្មីឃ្មាតក្នុងពុទ្ធសាសនា ភិក្ខុនោះ រមែងញ៉ាំងលោកនេះ ឲ្យរុងរឿង ដូចព្រះចន្ទផុតស្រឡះចាកពពក។
សូមពួកជនជាសត្រូវនឹងយើង ស្ដាប់នូវធម្មកថា សូមពួកជនជាសត្រូវនឹងយើង ខ្មីឃ្មាតក្នុងពុទ្ធសាសនាចុះ ពួកមនុស្សណា ដែលជាសប្បុរស តែងដឹកនាំក្នុងធម៌តែម្យ៉ាង សូមពួកជនជាសត្រូវនឹងយើង គប់រកនូវមនុស្សទាំងនោះចុះ។
សូមពួកជនជាសត្រូវនឹងយើង ស្ដាប់ធម៌របស់ពួកសប្បុរស ដែលជាអ្នកពោលនូវខន្តី ជាអ្នកសរសើរនូវសេចក្តីមិនក្រោធ តាមកាលគួរផង ចូរធ្វើតាមនូវធម៌នោះផង។ បើជននោះ មិនបៀតបៀនយើង ឬសត្វដទៃណាមួយទេ ជននោះ គប្បីដល់នូវសេចក្តីស្ងប់យ៉ាងឧត្តម គប្បីរក្សានូវជនដែលមានចិត្តតក់ស្លុត និងមានចិត្តមាំមួន។
ពួកអ្នកបង្ហូរទឹក តែងបង្ហូរទឹក ពួកជាងព្រួញ តែងពត់ព្រួញ ពួកជាងចាំង តែងចាំងពត់ឈើ ពួកអ្នកប្រាជ្ញ តែងទូន្មានខ្លួន។
ID: 636866959404448463
ទៅកាន់ទំព័រ៖