ព្រះត្រៃបិដក ភាគ ៥៧
ជនពួកខ្លះ តែងទូន្មាន (នូវសត្វពាហនៈ មានដំរីជាដើម) ដោយដំបង កង្វេរ និងរំពាត់ផ្ដៅ ព្រះមានព្រះភាគ ជាតាទិបុគ្គល ទ្រង់ទូន្មានខ្ញុំ ដោយមិនបាច់ប្រើដំបង និងគ្រឿងសស្រ្តាទេ។ ក្នុងកាលមុន ខ្ញុំជាអ្នកបៀតបៀនគេ តែមាននាមថា អហឹសកៈ
(១) ក្នុងថ្ងៃនេះ ខ្ញុំមាននាមត្រូវតាមដំណើរពិតហើយ ព្រោះខ្ញុំមិនបៀតបៀនជនណាមួយឡើយ។ ក្នុងកាលមុន ខ្ញុំជាចោរល្បីឈ្មោះ ថាអង្គុលិមាល ដែលជំនន់ធំកួចនាំទៅហើយ (ឥឡូវ) ខ្ញុំបានដល់នូវព្រះពុទ្ធ ជាទីពឹងហើយ។ ក្នុងកាលមុន ខ្ញុំជាអ្នកមានដៃប្រឡាក់ឈាម ល្បីឈ្មោះ ថាអង្គុលិមាល អ្នកចូរមើលនូវដំណើរមកកាន់សរណៈ (របស់ខ្ញុំ) ចុះ ខ្ញុំបានដកនូវតណ្ហា ដែលនាំទៅកាន់ភពហើយ។ ខ្ញុំបានធ្វើកម្ម ដែលជាដំណើរទៅកាន់ទុគ្តតិបែបនោះជាច្រើន ត្រូវផលនៃកម្មប៉ះពាល់ (ឥឡូវ) ជាអ្នកមិនមានបំណុល បរិភោគនូវភោជន។ ពួកជនពាលឥតប្រាជ្ញា តែងប្រកបរឿយ ៗ នូវសេចក្តីប្រមាទ ចំណែកអ្នកប្រាជ្ញ តែងរក្សាទុកនូវសេចក្តីមិនប្រមាទ ដូចគេរក្សាទ្រព្យយ៉ាងប្រសើរ។ អ្នកទាំងឡាយកុំប្រកបរឿយ ៗ នូវសេចក្តីប្រមាទ កុំធ្វើនូវសេចក្តីស្និទ្ធស្នាល ដោយតម្រេកក្នុងកាមឡើយ ដ្បិតថា បុគ្គលអ្នកមិនប្រមាទ ប្រឹងចំរើនឈាន រមែងបាននូវសេចក្តីសុខយ៉ាងក្រៃលែង។
(១) អ្នកមិនបៀតបៀនគេ។
ID: 636866959683004395
ទៅកាន់ទំព័រ៖