ព្រះត្រៃបិដក ភាគ ៥៧
ដំណើរមករបស់ខ្ញុំ ជាដំណើរល្អ មិនមែនជាដំណើរប្រាសចាក (ប្រយោជន៍) គំនិតរបស់ខ្ញុំនុ៎ះ មិនមែនជាគំនិតខុសទេ ព្រោះខ្ញុំបានសម្រេចធម៌ដ៏ប្រសើរបំផុត ក្នុងពួកធម៌ដែលព្រះមានព្រះភាគ ចែកទុកដោយប្រពៃ។ ដំណើរមករបស់ខ្ញុំ ជាដំណើរល្អ មិនមែនជាដំណើរប្រាសចាក (ប្រយោជន៍) គំនិតរបស់ខ្ញុំនុ៎ះ មិនមែនជាគំនិតខុសទេ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ។ (ក្នុងកាលមុន) ខ្ញុំឋិតក្នុងទីទាំងឡាយនោះ ៗ គឺព្រៃក្តី ម្លប់ឈើក្តី ភ្នំក្តី គុហាក្តី ខ្ញុំក៏មានចិត្តតក់ស្លុត ក្នុងកាលនោះ។ ឥឡូវនេះ ខ្ញុំដេកជាសុខ ឈរជាសុខ ចិញ្ចឹមជីវិតជាសុខ ជាបុគ្គលមិននៅក្នុងអន្ទាក់ដៃរបស់មារ ឱ ! ព្រះសាស្តា ទ្រង់អនុគ្រោះខ្ញុំ។ ក្នុងកាលមុន ខ្ញុំបានកើតជាព្រាហ្មណ៍ មានត្រកូលខ្ពស់ទាំងពីរខាង គឺ ខាងមាតា និងខាងបិតា ថ្ងៃនេះ ខ្ញុំបានជាបុត្រនៃព្រះសុគត ជាសាស្តាធម្មរាជ។ ខ្ញុំជាបុគ្គលប្រាសចាកតណ្ហា មិនមានសេចក្តីប្រកាន់ បានគ្រប់គ្រងទ្វារ សង្រួមដោយប្រពៃហើយ ការអស់ទៅនៃអាសវៈ ខ្ញុំបានដល់ហើយ ព្រោះបានសម្លាប់ឫសគល់នៃទុក្ខ។ ព្រះសាស្តា ខ្ញុំបានប្រណិប័តន៍ហើយ ពុទ្ធសាសនា ខ្ញុំបានធ្វើហើយ ភារៈដ៏ធ្ងន់ ខ្ញុំបានដាក់ចោលហើយ តណ្ហាជាគ្រឿងនាំទៅកាន់ភព ខ្ញុំក៏ដកចោលហើយ។
អង្គុលិមាលត្ថេរ។
ID: 636866959904367057
ទៅកាន់ទំព័រ៖