ព្រះត្រៃបិដក ភាគ ៥៧
ធម៌ជាកុសល ជាចំណែកនៃការត្រាស់ដឹងទាំងនេះ តែងកើតមានដល់បុគ្គលនោះ ព្រះពុទ្ធជាមហេសី ទ្រង់ត្រាស់ថា បុគ្គលនោះ ជាអ្នកមិនមានអាសវៈ។ ព្រះសាស្តា ជាបុគ្គលប្រសើរក្នុងលោក ទ្រង់ជ្រាបនូវសេចក្តីត្រិះរិះរបស់ខ្ញុំ ក៏យាងមកដោយឫទ្ធិ៍ ដោយព្រះកាយដែលសម្រេចអំពីចិត្ត។ ខ្ញុំមានសេចក្តីត្រិះរិះ ក្នុងកាលណា ព្រះសាស្តាទ្រង់បានសំដែងនូវធម៌ (មហាបុរិសវិតក្កៈ) ដ៏លើសលុបក្នុងកាលនោះ ព្រះពុទ្ធ ទ្រង់ត្រេកអរក្នុងធម៌ ដែលមិនមានដំណើរយឺតយូរ សំដែងនូវធម៌ដែលមិនមានដំណើរយឺតយូរ។ ខ្ញុំដឹងនូវធម្មទេសនារបស់ព្រះសាស្តានោះហើយ ត្រេកអរក្នុងសាសនា វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ ពុទ្ធសាសនា ខ្ញុំបានធ្វើហើយ។ ខ្ញុំបានសមាទាននេសជ្ជិកង្គធុតង្គ អស់ ៥៥ ឆ្នាំ ខ្ញុំបានដករំលើងនូវកិរិយាងោកងុយអស់ ២៥ ឆ្នាំហើយ។ ព្រះពុទ្ធ ព្រះអង្គជាបុគ្គលនឹងធឹង មានព្រះទ័យខ្ជាប់ខ្ជួន មិនមានខ្យល់អស្សាសបស្សាសៈហើយ ព្រះពុទ្ធមានចក្ខុ មិនមានកិលេសជាគ្រឿងញាប់ញ័រ ទ្រង់ប្រារព្ធនូវសេចក្តីស្ងប់ បរិនិព្វានហើយ។ ព្រះពុទ្ធ ទ្រង់អត់សង្កត់នូវវេទនា ដោយព្រះទ័យមិនរួញរា ការផុតស្រឡះនៃចិត្ត (របស់ព្រះអង្គ) ដូចជាកិរិយារលត់នៃប្រទីប។ សភាវៈ មានផស្សៈជាគំរប់ ៥ របស់ព្រះពុទ្ធ ជាអ្នកប្រាជ្ញនុ៎ះ មានក្នុងទីបំផុត ក្នុងកាលឥឡូវនេះហើយ
ID: 636866960290309131
ទៅកាន់ទំព័រ៖