ព្រះត្រៃបិដក ភាគ ៥៧
នាកាលព្រះសម្ពុទ្ធទ្រង់បរិនិព្វានហើយ ធម៌ដទៃ គឺចិត្ត និងចេតសិក មិនមានទៀតទេ។ ម្នាលទេវតា ឈ្មោះជាលិនី ឥឡូវនេះ (អាត្មា) មិនមានការអាស្រ័យនៅក្នុងពួកទេវតាទៀតឡើយ ជាតិសង្សារ របស់អាត្មាក៏អស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទេ។
ភិក្ខុណា អាចដឹងច្បាស់នូវលោក មានចំណែកមួយពាន់ ព្រមទាំងព្រហ្មលោក ក្នុងមួយរំពេចបាន ភិក្ខុនោះ ជាអ្នកស្ទាត់ក្នុងឥទ្ធិគុណ ក្នុងចុតូបបាតញ្ញាណ រមែងឃើញពួកទេវតា ក្នុងកាលគួរ។ ក្នុងកាលមុន ខ្ញុំបានកើតជាបុរសកំសត់ ឈ្មោះអន្នភារៈ ជាអ្នកធ្វើការឈ្នួល ដើម្បីអាហារ បានផ្គត់ផ្គង់សមណៈ (ព្រះបច្ចេកពុទ្ធ) ឈ្មោះឧបរិដ្ឋៈ ជាអ្នកមានយស។ ពួកជនអ្នកចេះដឹង តែងស្គាល់ខ្ញុំថា ខ្ញុំនោះឈ្មោះអនុរុទ្ធ កើតក្នុងសក្យត្រកូល ជាអ្នកបរិបូណ៌ដោយរបាំ និងចំរៀង ភ្ញាក់រលឹកដោយគ្រឿងប្រគំ។ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ជាសាស្តា មិនមានភ័យអំពីទីណា ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងព្រះសម្ពុទ្ធនោះ ហើយចូលទៅកាន់ផ្នួស។ ខ្ញុំដឹងនូវបុព្វេនិវាស ដែលជាលំនៅរបស់អាត្មាធ្លាប់នៅក្នុងកាលមុន ក្នុងទេវលោកឈ្មោះតាវត្តិង្ស បានឋិតនៅក្នុងជាតិជាសក្កៈ (ព្រះឥន្ទ្រ)។ អាត្មាបានជាធំក្នុងមនុស្ស សោយរាជ្យអស់ ៧ ជាតិ ជាធំលើផែនដី មានសមុទ្រទាំងបួន ជាទីបំផុត មានជ័យជំនះ ជាឥស្សរៈក្នុងជម្ពូទ្វីប
ID: 636866960551964097
ទៅកាន់ទំព័រ៖