ព្រះត្រៃបិដក ភាគ ៥៧
បុគ្គលរមែងស្តាប់នូវសំឡេងទាំងអស់បានដោយសារត្រចៀក បុគ្គលមានចក្ខុ រមែងឃើញរូបគ្រប់យ៉ាង ចំណែកអ្នកប្រាជ្ញ មិនគួរលះចោល (ឬប្រកាន់) នូវអារម្មណ៍ទាំងពួង ដែលខ្លួនឃើញហើយ ឮហើយឡើយ។ បុគ្គលអ្នកមានភ្នែក គប្បីធើ្វដូចជាខ្វាក់ បុគ្គលអ្នកមានត្រចៀក គប្បីធើ្វដូចជាថ្លង់ បុគ្គលអ្នកមានបញ្ញា គប្បីធើ្វដូចជាគ បុគ្គលអ្នកមានកំឡាំង គប្បីធើ្វដូចជាអ្នកខ្សោយកំឡាំង តែកាលបើហេតុ (មិនគួរធើ្វ) កើតឡើងហើយ ត្រូវដេកដូចជាដេកស្លាប់។
មហាកច្ចាយនត្ថេរ។
[២៣១] ភិក្ខុណា គ្មានសេចក្តីក្រោធ មិនចងសេចក្តីក្រោធទុក មិនមានមាយា ប្រាសចាកសេចក្តីញុះញង់ ភិក្ខុមានសភាពដូច្នោះនោះឯង រមែងមិនសោយសោកក្នុងខាងមុខ ដោយសេចក្តីប្រតិបត្តិយ៉ាងនេះ។ ភិក្ខុណា គ្មានសេចក្តីក្រោធ មិនចងសេចក្តីក្រោធទុក មិនមានមាយា ប្រាសចាកសេចក្តីញុះញង់ មានទ្វាររក្សាហើយគ្រប់កាល ភិក្ខុនោះ រមែងមិនសោយសោកក្នុងខាងមុខ ដោយសេចក្តីប្រតិបត្តិយ៉ាងនេះ។ ភិក្ខុណា គ្មានសេចក្តីក្រោធ មិនចងសេចក្តីក្រោធទុក មិនមានមាយា ប្រាសចាកសេចក្តីញុះញង់ មានសីលល្អ ភិក្ខុនោះ រមែងមិនសោយសោកក្នុងខាងមុខ ដោយសេចក្តីប្រតិបត្តិយ៉ាងនេះ។ ភិក្ខុណា គ្មានសេចក្តីក្រោធ មិនចងសេចក្តីក្រោធទុក មិនមានមាយា ប្រាសចាកសេចក្តីញុះញង់ មានមិត្តល្អ ភិក្ខុនោះ រមែងមិនសោកស្តាយ ក្នុងកាលខាងមុខ ដោយសេចក្តីប្រតិបត្តិយ៉ាងនេះ។
ID: 636866928116158875
ទៅកាន់ទំព័រ៖