ព្រះត្រៃបិដក ភាគ ៥៧
ថេរគាថា តឹសនិបាត
[២៥៩] ឥសីឈ្មោះបណ្ឌរសគោត្រ ឃើញពួកភិក្ខុជាច្រើន ដែលគួរនាំមកនូវសេចក្តីជ្រះថ្លា មានចិត្តអប់រំហើយ សង្រួមល្អហើយ ក៏បានសួរនូវព្រះថេរៈឈ្មោះ បុស្សៈថា។ ពួកភិក្ខុនឹងមានប្រាថ្នាដូចម្ដេច មានបំណងដូចម្ដេច មានអាកប្បកិរិយាដូចម្ដេច ក្នុងកាលអនាគត លោកដែលខ្ញុំសួរហើយ សូមប្រាប់នូវដំណើរនោះឲ្យទាន។
(ព្រះបុស្សត្ថេរ ពោលថា) ម្នាលឥសីឈ្មោះបណ្ឌរស អ្នកចូរស្ដាប់ពាក្យអាត្មា ចូរចាំទុកដោយគោរព អាត្មានឹងប្រាប់នូវកាលជាអនាគត។ ពួកភិក្ខុច្រើនរូប ជាបុគ្គលមានសេចក្តីក្រោធ ចងសេចក្តីក្រោធទុក ជាអ្នកលុបគុណគេ ជាបុគ្គលរបឹង ជាអ្នកបោកប្រាស ជាអ្នកច្រណែន ជាអ្នកមានវាទៈផ្សេង ៗ គ្នា នឹងមានក្នុងអនាគត។ ភិក្ខុមានសេចក្តីប្រកាន់ថាខ្លួន ដឹងធម៌ដ៏ជ្រាលជ្រៅ មានអារម្មណ៍ក្នុងត្រើយ (ខាងអាយអំពីធម៌នោះ) មានចិត្តស្រាល មិនធ្ងន់ក្នុងព្រះសទ្ធម្ម រមែងជាអ្នកមិនមានសេចក្តីគោរពគ្នានឹងគ្នា។ ទោសទាំងឡាយជាច្រើន នឹងកើតឡើងក្នុងលោក ក្នុងកាលជាអនាគត គឺពួកភិក្ខុអប្បប្រាជ្ញានឹងញ៉ាំងធម៌ដែលព្រះមានព្រះភាគសំដែងហើយដោយប្រពៃនេះ ឲ្យសៅហ្មង។ ពួកភិក្ខុសាបសូន្យចាកគុណ កាលចរចាក្នុងសង្ឃ នឹងជាអ្នកក្លៀវក្លា មានកំឡាំង មានមាត់រឹង តែជាអ្នកមិនមានការចេះដឹង។
ID: 636866962489914941
ទៅកាន់ទំព័រ៖