ព្រះត្រៃបិដក ភាគ ៥៧
ភិក្ខុស្លៀកដណ្ដប់នូវចីវរជាកប្បិយៈ ប្រយោជន៍ (ត្រឹមតែការពារត្រជាក់ជាដើម) នេះជាការគួរដល់កិរិយានៅជាសុខនៃភិក្ខុអ្នកមានចិត្តស្លុងទៅរក (ព្រះនិព្វាន)។ កាលភិក្ខុអង្គុយដោយភ្នែន ភ្លៀងមិនស្រក់ត្រូវត្រង់ជង្គង់ទាំងពីរ នេះជាការគួរដល់កិរិយានៅជាសុខ នៃភិក្ខុអ្នកមានចិត្តស្លុងទៅរក (ព្រះនិព្វាន)។ បុគ្គលណាបានឃើញសុខ ថាជាទុក្ខ បានឃើញទុក្ខ ថាជាគ្រឿងចាក់ដោត ដូចកូនសរ ការជាប់ជំពាក់មិនមានក្នុងចន្លោះនៃសុខ និងទុក្ខទាំងពីរ បុគ្គលនោះ គប្បីជាប់ក្នុងលោកដូចម្ដេច គប្បីមានដោយកិលេស ដូចម្ដេចបាន។ បុគ្គលមានសេចក្តីប្រាថ្នាអាក្រក់ ជាអ្នកខ្ជិលច្រអូស មានការព្យាយាមថោកទាប ជាអ្នករៀនសូត្រតិច មិនអើពើ (ចំពោះធម៌ និងវិន័យ) សូមកុំមានក្នុងសម្នាក់ខ្ញុំ ក្នុងកាលណា ៗ ឡើយ ប្រយោជន៍អ្វី ដោយឱវាទក្នុងលោក គប្បីមាន (ដល់បុគ្គលនោះ) ដោយបការៈ ដូចម្ដេច។ មួយទៀត បុគ្គលអ្នកចេះដឹងច្រើន មានប្រាជ្ញា ជាគ្រឿងទំលាយកិលេស តាំងមាំក្នុងសីល ប្រកបរឿយ ៗ នូវចេតោសមថៈ សូមឋិតនៅសូម្បីលើក្បាល។ បុគ្គលណាមានចិត្តប្រកបរឿយ ៗ នូវធម៌ជាគ្រឿងយឺតយូរ ត្រេកអរចំពោះធម៌ជាគ្រឿងយឺតយូរ បុគ្គលនោះ ឈ្មោះថា ឃ្លាតចាកព្រះនិព្វាន ជាទីក្សេមចាកយោគៈដ៏ប្រសើរ។
ID: 636866963504942998
ទៅកាន់ទំព័រ៖