ព្រះត្រៃបិដក ភាគ ៥៧
បុគ្គលណាលះបង់នូវធម៌ជាគ្រឿងយឺតយូរ ត្រេកអរក្នុងធម៌ជាផ្លូវមិនយឺតយូរ បុគ្គលនោះ ឈ្មោះថា ត្រេកអរនឹងព្រះនិព្វាន ជាទីក្សេមចាកយោគៈដ៏ប្រសើរ។ ព្រះអរហន្ដទាំងឡាយ នៅក្នុងទីណា ទោះបីស្រុក ឬព្រៃ ទោះបីទំនាប ឬទួល ទីនោះឯង ជាទីគួរត្រេកអរ។ ជនអ្នក (ស្វែងរកកាម) រមែងមិនត្រេកអរក្នុងព្រៃ ជាទីគួរត្រេកអរទេ ពួកបុគ្គលអ្នកប្រាសចាករាគៈ ទើបត្រេកអរ ព្រោះពួកលោកទាំងនោះ មិនមែនជាអ្នកស្វែងរកកាម។ បុគ្គលឃើញអ្នកប្រាជ្ញណា ជាអ្នកពោលសង្កត់សង្កិន ជាអ្នកបង្ហាញទោស ដូចគេបង្ហាញនូវកំណប់ទ្រព្យ គួរគប់រកអ្នកប្រាជ្ញ មានសភាពដូច្នោះ។ កាលបើបុគ្គលគប់រកអ្នកប្រាជ្ញប្រាកដដូច្នោះ សេចក្តីប្រសើររមែងមាន សេចក្តីអាក្រក់ពុំមានទេ។
បុគ្គលណាទូន្មានប្រៀនប្រដៅ ហាមឃាត់ (គេ) ចាកអសប្បុរិសធម៌ បុគ្គលនោះ រមែងជាទីស្រឡាញ់របស់ពួកសប្បុរស តែមិនជាទីស្រឡាញ់របស់ពួកអសប្បុរសទេ។ ព្រះពុទ្ធមានព្រះភាគ មានចក្ខុ បានសំដែងធម៌ដល់បុគ្គលដទៃ នាកាលធម៌ដែលព្រះអង្គសំដែង ខ្ញុំមានសេចក្តីត្រូវការផ្ចង់សោតប្បសាទ។ ការស្ដាប់របស់ខ្ញុំនោះ មិនឥតអំពើទេ (ព្រោះ) ខ្ញុំជាអ្នកមិនមានអាសវៈ រួចស្រឡះហើយ ខ្ញុំមិនមានការតាំងចិត្ត ចំពោះបុព្វេនិវាសានុស្សតិវិជ្ជា ឬទិព្វចក្ខុវិជ្ជាឡើយ។
ID: 636866963715025014
ទៅកាន់ទំព័រ៖