ព្រះត្រៃបិដក ភាគ ៥៧
អ្នកប្រាជ្ញទាំងឡាយ សរសើរនូវភិក្ខុអ្នកមានឈាន មានព្យាយាមទៀងទាត់ មានការឃើញច្បាស់ដោយសុខុមទិដ្ឋិ ត្រេកអរក្នុងធម៌ជាទីអស់ទៅនៃឧបាទាននោះ ថាជាសប្បុរស។ មហាសមុទ្រ ប្រឹថពី ភ្នំ និងខ្យល់ មិនគួរឧបមានឹងវិមុត្តិដ៏ប្រសើរ របស់ព្រះសាស្ដាទេ។ ព្រះថេរៈអ្នកញ៉ាំងចក្ក គឺធម៌ឲ្យប្រព្រឹត្តទៅតាម (ព្រះសារីបុត្ត) លោកមានប្រាជ្ញាច្រើន មានចិត្តខ្ជាប់ខ្ជួន ស្មើដោយដី ទឹក ភ្លើង មិនត្រេកអរ មិនប្រទូស្ត។ ព្រះថេរៈ សម្រេចនូវបញ្ញាបារមី មានប្រាជ្ញាច្រើន ជាមហាមុនិ ជាបុគ្គលមិនគ តែមានសភាពដូចជាគ មានចិត្តដ៏ត្រជាក់គ្រប់កាល។ ព្រះសាស្ដា ខ្ញុំបានបំរើហើយ។បេ។ តណ្ហាជាគ្រឿងនាំទៅកាន់ភព ខ្ញុំក៏បានដកចេញហើយ។ អ្នកទាំងឡាយ ចូរញ៉ាំងសេចក្តីមិនប្រមាទ ឲ្យបរិបូណ៌ នេះជាពាក្យប្រៀនប្រដៅរបស់ខ្ញុំ ឥឡូវនេះ ខ្ញុំនឹងបរិនិព្វាន ខ្ញុំជាបុគ្គលផុតស្រឡះចាកកិលេសកាមទាំងអស់។
សារីបុត្តត្ថេរ។
[២៦១] បណ្ឌិតមិនគួរធ្វើសខិភាព គឺភាពជាសម្លាញ់នឹងបុគ្គលអ្នកញុះញង់ អ្នកក្រេវក្រោធ អ្នកកំណាញ់ ទាំងជាអ្នកត្រេកអរនឹងសេចក្ដីវិនាសទេ (ព្រោះថា) ការសេពគប់នឹងបុរសអាក្រក់ ជាអំពើដ៏លាមក។
ID: 636866964712792083
ទៅកាន់ទំព័រ៖