ព្រះត្រៃបិដក ភាគ ៥៧
បណ្ឌិតគួរធ្វើសខិភាព នឹងបុគ្គលអ្នកមានសទ្ធា មានសីលជាទីស្រឡាញ់ អ្នកមានប្រាជ្ញា មានការចេះដឹងច្រើន (ព្រោះថា) ការសេពគប់នឹងពួកសប្បុរស ជាការចំរើន។
អ្នកចូរមើលនូវពុម្ព គឺអត្តភាពដែលធ្វើឲ្យវិចិត្រ ជាទីប្រជុំនៃដំបៅ ផ្ដុំឡើង (ដោយឆ្អឹង ៣០០ កំណាត់) ជាគ្រឿងរោលរាល ជាទីប្រាថ្នានៃជនច្រើន ជាកាយឥតទៀងទាត់ឋិតថេរ ព្រះអានន្ទត្ថេរ ជាគោតមគោត្ត ជាអ្នកចេះដឹងច្រើន មានវាចាដ៏វិចិត្រ ជាអ្នកបំរើនូវព្រះពុទ្ធ បានដាក់ចុះនូវភារៈ ជាអ្នកប្រាសចាកកិលេស ជាគ្រឿងប្រកប សម្រេចនូវការសិង។ ព្រះអានន្ទត្ថេរ ជាខីណាស្រព ប្រាសចាកកិលេស ជាគ្រឿងប្រកប កន្លងនូវកិលេសជាគ្រឿងជាប់ជំពាក់ មានចិត្តត្រជាក់ល្អ ដល់នូវត្រើយនៃជាតិ និងមរណៈ ទ្រទ្រង់ទុកនូវអត្តភាព ជាបំផុត។ សាសនធម៌ទាំងឡាយ របស់ព្រះពុទ្ធ ជាអាទិច្ចពន្ធុ ប្រតិស្ឋានក្នុងព្រះអានន្ទត្ថេរណា ព្រះអានន្ទត្ថេរនោះ ជាគោតមគោត្ត ឋិតនៅក្នុងផ្លូវជាទីទៅកាន់ព្រះនិព្វាន។ សាសនធម៌ទាំងឡាយណា ដែលប្រព្រឹត្តទៅ (ក្នុងហឫទ័យ) របស់ខ្ញុំ សាសនធម៌ទាំងឡាយនោះ មាន ៨ ម៉ឺន ៤ ពាន់ធម្មក្ខន្ធ ខ្ញុំបានរៀនអំពីព្រះពុទ្ធ ៨ ម៉ឺន ២ ពាន់ធម្មក្ខន្ធ អំពីពួកភិក្ខុ ២ ពាន់ធម្មក្ខន្ធ។
ID: 636866964939935075
ទៅកាន់ទំព័រ៖