ព្រះត្រៃបិដក ភាគ ៥៧
កាលខ្ញុំនៅជាសេក្ខបុគ្គល អស់ ២៥ ឆ្នាំ ទោសសញ្ញាមិនកើតឡើងទេ អ្នកចូរមើលនូវភាពល្អរបស់ធម៌ចុះ។ ខ្ញុំបានបំរើព្រះមានព្រះភាគ ដោយកាយកម្ម ប្រកបដោយមេត្តា អស់ ២៥ ឆ្នាំ ដូចជាស្រមោលជាប់តាមរូប។ ខ្ញុំបានបំរើព្រះមានព្រះភាគ ដោយវចីកម្ម ប្រកបដោយមេត្តា អស់ ២៥ ឆ្នាំ ដូចជាស្រមោលជាប់តាមរូប។ ខ្ញុំបានបំរើព្រះមានព្រះភាគ ដោយមនោកម្មប្រកបដោយមេត្តា អស់ ២៥ ឆ្នាំ ដូចជាស្រមោលជាប់តាមរូប។ កាលព្រះពុទ្ធម្ចាស់ ទ្រង់ចង្ក្រម ខ្ញុំបានចង្ក្រមតាមក្រោយព្រះអង្គ នាកាលធម៌ដែលព្រះអង្គសំដែង ញាណរបស់ខ្ញុំក៏កើតឡើង។ ខ្ញុំជាសេក្ខបុគ្គល ប្រកបដោយកិច្ច មានសេចក្ដីប្រាថ្នាក្នុងចិត្តមិនទាន់សម្រេច (អរហត្តផល) ព្រះសាស្ដា ព្រះអង្គអនុគ្រោះខ្ញុំ ទ្រង់បរិនិព្វាន។ កាលព្រះសម្ពុទ្ធ ប្រកបដោយអាការដ៏ប្រសើរគ្រប់យ៉ាង ទ្រង់បរិនិព្វានហើយ សេចក្ដីស្ញប់ស្ញែងនៃខ្ញុំក៏កើតមាន សេចក្ដីព្រឺរោមនៃខ្ញុំក៏កើតមាន។ ព្រះអានន្ទ ជាពហុស្សូត អ្នកចងចាំនូវធម៌ រក្សាទុកនូវឃ្លាំងធម៌នៃព្រះពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ប្រសើរ លោកជាចក្ខុនៃសត្វលោកទាំងអស់ បរិនិព្វានហើយ។ ព្រះអានន្ទ ជាពហុស្សូត អ្នកចងចាំនូវធម៌ ជាឃ្លាំងរក្សាទុកនូវធម៌នៃព្រះពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ប្រសើរ លោកជាចក្ខុនៃសត្វលោកទាំងអស់ ជាអ្នកបន្ទោបង់នូវងងឹត ក្នុងទីដ៏ងងឹត។
ID: 636866965453504449
ទៅកាន់ទំព័រ៖