ព្រះត្រៃបិដក ភាគ ៥៧
ថេរគាថា នវកនិបាត
[២៣៣] ពួកបុថុជ្ជន មិនដឹងថា ជរា មរណៈជាទុក្ខ ហើយជាប់ចំពាក់ក្នុងឧបាទានក្ខន្ធណា អ្នកប្រាជ្ញមានស្មារតី បានកំណត់ដឹង (នូវឧបាទានក្ខន្ធនោះ) ថាជាទុក្ខ ហើយចំរើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរ លើសលុបជាងឈាននោះឡើយ។ បណ្ឌិត លុះលះបង់នូវតណ្ហា ដែលនាំមកនូវសេចក្តីទុក្ខ ជាធម្មជាតិផ្សាយទៅក្នុងអារម្មណ៍ផ្សេង ៗ នាំមកនូវកិលេស ជាគ្រឿងនាំសត្វឲ្យយឺតយូរ និងសេចក្តីទុក្ខ ដូចជាឃ្នាប មានស្មារតីចំរើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរដ៏លើសលុបជាងឈាននោះឡើយ។ បុគ្គលពាល់ត្រូវមគ្គដ៏ឧត្តម ប្រកបដោយអង្គ ៤ ពីរដងដ៏ក្សេម ជាគ្រឿងជម្រះនូវកិលេសទាំងអស់ដោយបញ្ញា ជាអ្នកមានស្មារតី ចំរើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរដ៏ក្រៃលែងជាងឈាននោះឡើយ។ បុគ្គលចំរើននូវសន្តបទ ដែលឥតមានសោក ប្រាសចាកធូលី គឺកិលេស ឥតមានបច្ច័យតាក់តែង ជាគ្រឿងជម្រះនូវកិលេសទាំងអស់ ផ្តាច់នូវចំណង គឺសញ្ញោជនៈ ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរដ៏ក្រៃលែង ជាងការចំរើននូវសន្តបទនោះឡើយ។
ID: 636866928931655519
ទៅកាន់ទំព័រ៖