ព្រះត្រៃបិដក ភាគ ៥៧

​ថេរគាថា​ ​ទស​ក​និបាត​


 ​[​២៣៤​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ពួក​ឈើ​មាន​ពណ៌​ដូច​រងើកភ្លើង​ ​ជិត​ផ្លែ​ហើយ​ ​ជម្រុះ​ស្លឹក​ចាស់​ចោល​ ​ឈើ​ទាំងនោះ​រុងរឿង​ ​ដូចជា​អណ្តាត​ភ្លើង​ ​បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ​ ​កាល​នេះ​ ​ជា​កាលគួរ​បាន​ចំណែក​ធម្មរស​ហើយ​។​ ​ឈើ​ទាំងឡាយ​ ​ជាទី​រីករាយ​នៃ​ចិត្ត​ ​មាន​ផ្លែ​ ​ផ្សាយ​ក្លិន​សព្វ​ទិស​ដោយ​ជុំវិញ​ ​ជម្រុះ​ស្លឹក​ចាស់​ចោល​ ​ប្រុងនឹង​ចេញ​ផ្លែ​ថ្មីទៀត​ ​បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ ​កាល​នេះ​ ​ជា​កាលគួរ​ដើម្បី​ចេញទៅ​អំពី​ទីនេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​រដូវ​ដែល​មិន​ត្រជាក់​ពេក​ ​មិន​ក្តៅ​ពេក​ ​ជា​សុខ​ស្រួល​ ​គួរ​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​បាន​ ​ពួក​សក្យៈ​ ​និង​ពួក​កោ​ឡិយៈ​ ​សូម​ជួប​ព្រះអង្គ​ ​ដែល​មាន​ព្រះ​ភក្រ្ត​បែរ​ត្រឡប់​មក​ខាងក្រោយ​ ​កំពុង​ឆ្លងស្ទឹង​រោហិណី​។​ ​
 អ្នកស្រែ​ ​ភ្ជួរស្រែ​ដោយ​សេចក្តី​ប្រាថ្នា​ ​ក៏​ព្រោះ​ពូជ​ដោយ​សេចក្តី​ប្រាថ្នា​ ​ពួក​ឈ្មួញ​ ​អ្នករក​ទ្រព្យ​ ​ឆ្លង​សមុទ្រ​ដោយ​សេចក្តី​ប្រាថ្នា​។​ ​ខ្ញុំ​ព្រះអង្គ​ ​ឋិតនៅ​ដោយ​សេចក្តី​ប្រាថ្នា​ណា​ ​សេចក្តី​ប្រាថ្នា​របស់ខ្ញុំ​ព្រះអង្គ​នោះ​ ​សូមឲ្យ​សម្រេច​។​
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 636866929703229650
ទៅកាន់ទំព័រ៖