ព្រះត្រៃបិដក ភាគ ៥៧
[២៩៦] ពោជ្ឈង្គទាំង ៧ ណា ជាឧបាយដើម្បីដល់នូវព្រះនិព្វាន ពោជ្ឈង្គទាំងអស់នោះ អាត្មាអញបានចំរើនហើយ តាមលំអានដែលព្រះពុទ្ធសំដែងហើយ។ អាត្មាអញជាឱរសធីតារបស់ព្រះពុទ្ធ ជាអ្នកត្រេកអរចំពោះព្រះនិព្វាន ក្នុងកាលទាំងពួង ជាអ្នកបានសុញ្ញសមាបត្តិ និងអនិមិត្តសមាបត្តិ តាមប្រាថ្នា។ កាមទាំងអស់ ទោះជាទិព្វក្ដី ជារបស់មនុស្សក្ដី អាត្មាអញបានកាត់ផ្ដាច់ផ្ដិលហើយ ជាតិសង្សាររបស់អាត្មាអញ អស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមានទេ។
ឧត្តមាថេរី មួយរូប។
[២៩៧] អាត្មាអញបានចេញទៅ អំពីទីសម្រាក ក្នុងវេលាថ្ងៃ លើភ្នំឈ្មោះ គិជ្ឈកូដ ហើយបានឃើញដំរីដែលចុះឡើង ក្បែរឆ្នេរស្ទឹង (ឈ្មោះចន្ទភាគា)។ បុរសកាន់កង្វេរ បង្គាប់ថា ឯងចូរជូនជើងមក ដំរីក៏ជូនជើង ហើយបុរសក៏ឡើងជិះដំរី។ អាត្មាអញបានឃើញដំរី ដែលគេមិនទាន់ទូន្មាន គេអាចទូន្មាន ឲ្យលុះក្នុងអំណាចរបស់ពួកមនុស្សបាន ហើយក៏ទៅកាន់ព្រៃ តាមកិរិយារបស់ដំរីនោះ ក៏បានធ្វើចិត្តឲ្យនឹងធឹង ព្រោះឃើញដំរីនោះ។
ទន្ដិកាថេរី។
ID: 636867001780632242
ទៅកាន់ទំព័រ៖