ព្រះត្រៃបិដក ភាគ ៥៧
ថេរីគាថា បញ្ចកនិបាត
[៣០៣] តាំងពីកាលអាត្មាអញបួសមក បាន ២៥ វស្សាហើយ មិនបានសេចក្ដីស្ងប់ចិត្ត សូម្បីត្រឹមមួយផ្ទាត់ម្រាមដៃ។ អាត្មាអញមានចិត្តទទឹកដោយកាមរាគៈ មិនបានសេចក្ដីស្ងប់ចិត្ត ផ្គងដើមដៃកន្ទក់កន្ទេញ ហើយចូលទៅកាន់លំនៅ។ អាត្មាអញនោះ ចូលទៅរកភិក្ខុនី (ធម្មទិន្នាថេរី) ជាស្រ្តីដែលអាត្មាអញគួរជឿ លោកបានសំដែងធម៌ គឺខន្ធ អាយតនៈ ធាតុ ដល់អាត្មាអញ។ លុះអាត្មាអញបានស្ដាប់ធម៌របស់លោកហើយ បានចូលទៅក្នុងទីសមគួរ ដឹងនូវបុព្វេនិវាស បានជម្រះទិព្វចក្ខុ។ ចេតោបរិយញ្ញាណ និងសោតធាតុ អាត្មាអញបានជម្រះហើយ ឫទ្ធិ៍អាត្មាអញបានធ្វើឲ្យជាក់ច្បាស់ហើយ ការអស់ទៅនៃអាសវៈ អាត្មាអញបានសម្រេចហើយ អភិញ្ញា ៦ អាត្មាអញបានធ្វើឲ្យច្បាស់ហើយ ព្រះពុទ្ធសាសនា អាត្មាអញក៏បានធ្វើហើយ។
ភិក្ខុនីមួយរូប មាននាម និងគោត្រមិនប្រាកដ។
[៣០៤] អាត្មាអញស្រវឹង រឹងត្អឹង ដោយការសរសើរគុណផង ដោយរូបសម្បត្តិផង ដោយលំអដ៏លើសផង ដោយយសផង ដោយវ័យផង បានមើលងាយពួកស្រីដទៃ។ អាត្មាអញស្អិតស្អាងរាងកាយនេះ ឲ្យវិចិត្រល្អ ឲ្យជាទីរាក់ទាក់នៃជនពាល ហើយឈរក្បែរទ្វារផ្ទះនៃស្រីពេស្យា ដូចជាព្រានម្រឹគដាក់អន្ទាក់។
ID: 636867003677510737
ទៅកាន់ទំព័រ៖