ព្រះត្រៃបិដក ភាគ ៥៧
ព្រះនាងទេវីនោះ ជាគោតមគោត្រ លុះទិវង្គតច្យុតចាកលោកនេះទៅ បានស្កប់ស្កល់ដោយកាមជាទិព្វទាំងឡាយ ព្រះនាងទ្រង់រីករាយដោយកាមគុណទាំង ៥ មានពពួកទេវតាទាំងនោះ ចោមរោមហើយ។ ខ្ញុំព្រះអង្គជាបុត្រនៃព្រះពុទ្ធ ព្រះអង្គមិនមានបុគ្គលដទៃគ្របសង្កត់បាន ព្រះនាមអង្គីរសៈ មិនមានបុគ្គលដទៃប្រៀបបាន ប្រកបដោយតាទិគុណ បពិត្រព្រះអង្គជាសក្យៈ ព្រះអង្គជាបិតានៃបិតារបស់ខ្ញុំព្រះអង្គ បពិត្រព្រះគោតម ព្រះអង្គជាជីតារបស់ខ្ញុំព្រះអង្គដោយធម៌។
កាឡុទាយិត្ថេរ។
[២៣៥] បើបុគ្គលដទៃមិនមានអំពីមុខក្តី ក្រោយក្តី សេចក្តីសប្បាយក្រៃពេក រមែងមានដល់បុគ្គលម្នាក់ឯងនៅក្នុងព្រៃ។ បើដូច្នោះ អាត្មាអញតែម្នាក់ឯង នឹងទៅកាន់ព្រៃ ដែលព្រះពុទ្ធទ្រង់សរសើរហើយ ជាទីសប្បាយរបស់ភិក្ខុអ្នកមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ជាអ្នកនៅតែម្នាក់ឯង។ អាត្មាអញតែម្នាក់ឯង ជាអ្នកស្ទាត់ក្នុងប្រយោជន៍ នឹងចូលយ៉ាងឆាប់ទៅកាន់ព្រៃ ជាទីធើ្វឲ្យកើតបីតិដល់យោគាវចរ ជាទីរីករាយដែលដំរីចុះប្រេងសេពគប់ហើយ។ អាត្មាអញ ម្នាក់ឯង នឹងស្រោចស្រប់ខ្លួន ហើយចង្ក្រមក្នុងព្រៃត្រជាក់ មានផ្ការីកស្គុះស្គាយ ក្បែរជ្រោះភ្នំដ៏ត្រជាក់។
ID: 636866930399799492
ទៅកាន់ទំព័រ៖