ព្រះត្រៃបិដក ភាគ ៥៧
អាត្មាអញសំដែងគ្រឿងប្រដាប់ និងអវយវៈដ៏កំបាំង ឲ្យជាក់ច្បាស់ជាច្រើន សើចក្អាកក្អាយ បានធ្វើមាយាច្រើនយ៉ាង (ដើម្បី) ញ៉ាំងជនពាលជាច្រើន (ឲ្យស្រើបស្រាល)។ ក្នុងថ្ងៃនេះ អាត្មាអញនោះ បានកោរសក់ ដណ្ដប់សង្ឃាដី ដើរទៅបិណ្ឌបាត រួចអង្គុយក្រោមម្លប់ឈើ ជាអ្នកបាននូវធម៌ដែលមិនមានវិតក្កៈ។ គ្រឿងប្រកបទាំងពួង ទោះជាទិព្វក្ដី ជារបស់មនុស្សក្ដី អាត្មាអញបានផ្ដាច់ផ្ដិលហើយ អាត្មាអញបានញ៉ាំងអាសវៈទាំងពួង ឲ្យអស់ហើយ ជាអ្នកមានចិត្តត្រជាក់ រំលត់ទុក្ខហើយ។
វិមលាថេរី ជាស្រីពេស្យាពីដើម។
[៣០៥] កាលពីដើម អាត្មាអញត្រូវកាមរាគៈបៀតបៀន ជាអ្នកមានចិត្តរវើរវាយ មិនលុះក្នុងអំណាចភាវនាចិត្ត ព្រោះធ្វើទុកក្នុងចិត្តមិនជាឧបាយនៃប្រាជ្ញា។ អាត្មាអញ លុះត្រូវកិលេសទាំងឡាយរួបរឹតហើយ ជាអ្នកប្រព្រឹត្តតាមសេចក្ដីសំគាល់ក្នុងកាម ថាជាសុខ ជាអ្នកលុះក្នុងអំណាចនៃចិត្តដែលប្រកបដោយរាគៈ ក៏មិនបាននូវសេចក្ដីស្ងប់ចិត្តឡើយ។ អាត្មាអញទៅជាស្គម ស្លេកស្លាំង ស្អាប់សម្បុរ ប្រព្រឹត្តមកអស់ ៧ ឆ្នាំហើយ អាត្មាអញដល់នូវសេចក្ដីទុក្ខក្រៃពេក មិនបានសេចក្ដីសុខ ទាំងថ្ងៃទាំងយប់។ ព្រោះមិនមានសេចក្ដីសុខនោះ អាត្មាអញក៏បានកាន់ខ្សែចូលទៅក្នុងចន្លោះព្រៃ (ដោយគិតថា)
ID: 636867003976657847
ទៅកាន់ទំព័រ៖