ព្រះត្រៃបិដក ភាគ ៥៧
លុះអាត្មាអញបានឧបសម្បទាជាភិក្ខុនីហើយ ក៏រលឹកឃើញនូវបុព្វជាតិ ទាំងទិព្វចក្ខុមិនមានមន្ទិល ដែលពួកសប្បុរសចំរើនហើយ ក៏អាត្មាអញបានជម្រះហើយ អាត្មាអញបានឃើញសង្ខារទាំងឡាយ ដែលកើតអំពីហេតុ មានសភាពទ្រុឌទ្រោម ថាជារបស់ដទៃ ហើយបានលះអាសវៈទាំងអស់ ជាអ្នកមានចិត្តត្រជាក់ បានរលត់ទុក្ខហើយ។
សកុលាថេរី។
[៣១០] អាត្មាអញបានសម្រាលកូនដប់ ក្នុងសរីរៈ គឺរូបនេះ ព្រោះហេតុនោះ អាត្មាអញមានកំឡាំងថយ គ្រាំគ្រា បានចូលទៅរកភិក្ខុនីមួយរូប។ លោកបានសំដែងធម៌ គឺខន្ធ អាយតនៈ ធាតុ ដល់អាត្មាអញ លុះអាត្មាអញបានស្ដាប់ធម៌របស់លោកហើយ ក៏បានកោរសក់បួស អាត្មាអញនោះ កំពុងសិក្សា (សិក្ខាបី) បានជម្រះទិព្វចក្ខុ ដឹងនូវបុព្វេនិវាស ដែលអាត្មាអញបានអាស្រ័យនៅហើយក្នុងកាលមុន។ អាត្មាអញមានអារម្មណ៍តែមួយ មានចិត្តតម្កល់មាំ ចំរើនអនិមិត្តវិមោក្ខ ជាអ្នកបានវិមោក្ខក្នុងលំដាប់ (នៃមគ្គដ៏ប្រសើរ) រលត់កិលេសហើយ ព្រោះមិនប្រកាន់។ បញ្ចក្ខន្ធ អាត្មាអញបានកំណត់ហើយ មានឫសផ្ដាច់ផ្ដិលហើយ អាត្មាអញមិនមានតណ្ហា ដែលកើតអំពីវត្ថុដែលតាំងនៅ ឥឡូវនេះ ភពថ្មីមិនមាន។
សោណាថេរី។
ID: 636867005198467731
ទៅកាន់ទំព័រ៖