ព្រះត្រៃបិដក ភាគ ៥៧
ក្នុងថ្ងៃនេះ ខ្ញុំនោះមានព្រួញដកហើយ មិនមានសម្រេកគំលាន មានទុក្ខរលត់ហើយ ខ្ញុំសូមដល់នូវព្រះពុទ្ធ ជាអ្នកប្រាជ្ញផង ព្រះធម៌ផង ព្រះសង្ឃផង ជាសរណៈ។
បដាចារាថេរី ៥០០(១)។
[៣១៦] អាត្មាអញត្រូវសេចក្ដីសោកព្រោះកូនបៀតបៀនហើយ មានចិត្តរាយមាយ ប្រាសចាកសញ្ញា មានកាយអាក្រាត មានសក់រាត់រាយ អាត្មាអញដើរទ្រហោយំ។ អាត្មាអញពោរពេញដោយសេចក្ដីស្រេកឃ្លាន បានដើរទៅលើគំនរសំរាមក្បែរថ្នល់ផង ក្នុងព្រៃស្មសានផង ក្នុងច្រករហកផង អស់បីឆ្នាំ។ ក្នុងកាលជាខាងក្រោយមក អាត្មាអញបានជួបប្រទះនឹងព្រះសុគត ព្រះអង្គទូន្មាននូវពួកសត្វដែលមានខ្លួនមិនទាន់បានទូន្មាន ទ្រង់ត្រាស់ដឹងដោយព្រះអង្គឯង មិនមានភ័យអំពីទីណា កំពុងស្ដេចទៅកាន់ក្រុងមិថិលា។ អាត្មាអញ ត្រឡប់បាននូវចិត្តជាប្រក្រតី ហើយក៏ចូលទៅជិតថ្វាយបង្គំ ឯព្រះគោតមនោះ បានសំដែងធម៌ដល់អាត្មាអញ ដោយសេចក្ដីអនុគ្រោះ។ លុះអាត្មាអញបានស្ដាប់ធម៌របស់ព្រះអង្គហើយ ក៏បានបួសក្នុងធម្មវិន័យ ប្រកបព្យាយាមក្នុងសាសនានៃព្រះសាស្ដា បានធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វានបទដ៏ជាទីក្សេម។
(១) បានជាហៅបដាចារាដែរ ព្រោះបានស្តាប់ឱវាទរបស់នាងបដាចារាថេរី។
ID: 636867006975989399
ទៅកាន់ទំព័រ៖