ព្រះត្រៃបិដក ភាគ ៥៧
ចំណែកខាងអាត្មា នមស្ការព្រះសម្ពុទ្ធ ជាបុរសខ្ពង់ខ្ពស់ ជាអ្នកធ្វើតាមសាសនារបស់ព្រះសាស្ដា បានរួចស្រឡះហើយ ចាកទុក្ខទាំងពួង។
ខេមាថេរី។
[៣១៨] អាត្មាអញមានខ្លួនស្អិតស្អាង មានគ្រឿងស្លៀកពាក់ល្អ ទ្រទ្រង់ផ្កាកម្រង លាបស្រឡាបដោយខ្លឹមចន្ទន៍ បិទបាំងជិតដោយគ្រឿងអាភរណៈគ្រប់យ៉ាង មានពួកទាសីហែហមហើយ។ អាត្មាអញ បានយកបាយ ទឹក បង្អែម និងចំអាបដ៏ច្រើន ចេញទៅអំពីគ្រឹហា នាំចូលទៅកាន់ឧទ្យាន។ អាត្មាអញត្រេកអរ លេងក្នុងឧទ្យាននោះ រួចហើយក៏មកកាន់ផ្ទះរបស់ខ្លួន បានឃើញវិហារ ហើយក៏ចូលទៅកាន់វិហារ ក្នុងព្រៃអញ្ជ័ន ជិតក្រុងសាកេត។ អាត្មាអញបានឃើញព្រះពុទ្ធ ជាប្រទីបនៃលោក ហើយចូលទៅថ្វាយបង្គំ ឯព្រះអង្គ ជាបុគ្គលមានចក្ខុ បានសំដែងធម៌ដល់អាត្មាអញ ដោយសេចក្ដីអនុគ្រោះ។ លុះអាត្មាអញបានស្ដាប់ធម៌របស់ព្រះមហេសីហើយ ក៏បានចាក់ធ្លុះនូវសច្ចៈ បានសម្រេចនូវនិព្វានបទ ឈ្មោះអមតៈ ជាធម៌មិនមានធូលី គឺកិលេស ក្នុងវិហារនោះឯង។
ID: 636867007585464259
ទៅកាន់ទំព័រ៖