ព្រះត្រៃបិដក ភាគ ៥៧
លំដាប់ពីនោះ អាត្មាអញបានដឹងច្បាស់នូវព្រះសទ្ធម្ម ហើយបួសក្នុងធម្មវិន័យ បានសម្រេចត្រៃវិជ្ជា ព្រះពុទ្ធសាសនា មិនឥតអំពើឡើយ។
សុជាតាថេរី។
[៣១៩] អាត្មាអញ កើតក្នុងត្រកូលខ្ពង់ខ្ពស់ ដែលមានគ្រឿងឧបករណ៍ជាទីរីករាយច្រើន មានទ្រព្យច្រើន ជាស្រីបរិបូណ៌ដោយសម្បុរ និងរូប ជាធីតាបង្កើតនៃសេដ្ឋីឈ្មោះមេឃិ។ ពួកព្រះរាជបុត្រក៏ចង់បាន ពួកសេដ្ឋីបុត្រក៏ជាប់ចិត្ត ទើបប្រើទូតទៅ (ក្នុងសំណាក់) បិតារបស់អាត្មាអញ (ថា) សូមអ្នកឲ្យនាងអនោបមាដល់ខ្ញុំ។ ធីតារបស់អ្នកឈ្មោះអនោបមានុ៎ះ (លក្ខណញ្ញូជន) កាត់ថ្លៃចំនួនទ្រព្យប៉ុន្មាន ខ្ញុំសូមជូនប្រាក់ និងកែវជា ៨ គុណ អំពីទ្រព្យនោះ។ អាត្មាអញនោះ បានឃើញព្រះសម្ពុទ្ធ ជាចម្បងនៃលោក ព្រះអង្គប្រសើរបំផុត ក៏ចូលទៅក្នុងទីសមគួរ ថ្វាយបង្គំព្រះបាទារបស់ព្រះអង្គ។ ព្រះគោតមនោះ បានសំដែងធម៌ដល់អាត្មាអញ ដោយសេចក្ដីអនុគ្រោះ អាត្មាអញអង្គុយលើអាសនៈនោះ ហើយបានសម្រេចនូវផលទី ៣។
ID: 636867007848869325
ទៅកាន់ទំព័រ៖